ភ្នំពេញ- ខណៈមានក្រុមហ៊ុនធំៗជាច្រើនមកពីប្រទេសថៃកំពុងដំណើរការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា សហគ្រាសខ្នាតតូច -មធ្យម (SME)នៃប្រទេសថៃកំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំងលើទីផ្សារមួយនេះ។
លោកស្រី ជីរ៉ាណាន់ វង្សមង្គល តំណាងពាណិជ្ជកម្មថៃ ប្រចាំខេត្ដសៀមរាប បានបញ្ជាក់នៅក្នុងឱកាសសន្និសីទកាសែតនាព្រឹកមិញថា បន្ទាប់ពីការធ្វើពាណិជ្ជកម្មរបស់ក្រុមហ៊ុនថៃជាច្រើនតាមរយៈការនាំយកនូវផលិតផលថៃដែលមានគុណភាពមកចែកចាយនៅក្នុងទីផ្សារកម្ពុជាទទួលបានជោគជ័យរហូតមានការនិយាយតៗគ្នាថា កម្ពុជាមានការគាំទ្រខ្លាំងទៅលើផលិតផលរបស់ប្រទេសថៃមកនោះ បានធ្វើឱ្យ SME នៃប្រទេសថៃកំពុងតែមានបំណងមកធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាតាមរយៈការស្វែងរកដៃគូពាណិជ្ជកម្មផងដែរ។
តំណាងពាណិជ្ជកម្មថៃប្រចាំខេត្ដសៀមរាបបានបន្តថា ទាំងអស់នេះហើយដែលជាដើមចមបង្កើតឱ្យមានការរៀបចំធ្វើពិព័រណ៍ផលិតផលថៃ2017 ជាលើកទី2 នៅថ្ងៃ17-20 សីហាខាងមុខនៅមជ្ឈមណ្ឌលកោះពេជ្រឡើង ព្រោះមានសំណូមពរពីម្ចាស់ SME ដែលមានជាង200ក្រុមហ៊ុនស្នើសុំឱ្យយើងខ្ញុំរៀបចំពិព័រណ៍ជាលក្ខណៈឯកជនឡើង ដើម្បីផ្ដល់ឱកាសដល់ពួកគាត់ក្នុងការផ្សព្វផ្សាយផលិតផលពីតាមបណ្ដាខេត្ដដែលមានសក្ដានុពលមកពីប្រទេសថៃ។
ពិព័រណ៍ផលិតផលថៃ ឬThailand Products Expo 2017លើកទី2នេះមានការចូលរួមពីក្រុមហ៊ុនចំនួន200 និងមាន250ស្ដង់ ក្នុងនោះមានទំនិញដែលត្រូវបានរៀបចំចំនួន100ស្ដង់មកពីខេត្ដ Chanthaburi ក្រៅពីនេះមានការចូលរួមពីក្រុមហ៊ុននានាមកពីបណ្ដាខេត្ដជាច្រើនដទៃទៀតនៃប្រទេសថៃ។ ផលិតផលទាំងនោះមានដូចជា សម្ភារគ្រឿងសំណង់ គ្រឿងបន្លាស់ម៉ាស៊ីន អាហារ និងភេសជ្ជៈ សម្លៀកបំពាក់ និងវាយនភណ្ឌ សុខភាព និងសម្ផស្ស សម្ភារប្រើប្រាស់ក្នុងផ្ទះ និងសម្ភារផ្ទះបាយ វត្ថុអនុស្សាវរីយ៍ និងតុបតែងផ្ទះ និងទំនិញOTOP របស់ថៃជាច្រើនទៀត។
លោកស្រី ជីរ៉ាណាន់ វង្សមង្គល បញ្ជាក់ថា៖ «បច្ចុប្បន្នមិនមែនមានតែខេត្ដ Chanthaburi ទេដែលមានការចាប់អារម្មណ៍មកធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា គឺមានខេត្ដដែលមានសក្ដានុពលជាច្រើនទៀតនៅតាមព្រំដែននៃប្រទេសកម្ពុជា និងខេត្ដឆ្ងាយៗពីព្រំដែន ដូចជាខេត្ដ រ៉ាក់យ៉ង ត្រាត ស៊ីសាកេត ជាដើមពួកគាត់សុទ្ធតែមានបំណងចង់មកចាប់ដៃគូពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។ ពោលគឺពួកគាត់មានការតាំងចិត្ដខ្ពស់រហូតមានក្រុមហ៊ុនខ្លះមកធ្វើពិព័រណ៍នៅកម្ពុជា5ដងទើបចាប់បានដៃគូពាណិជ្ជកម្ម»។
តំណាងពាណិជ្ជកម្មថៃ ប្រចាំខេត្តសៀមរាប បន្ដថា បើទោះជាការតាំងពិព័រណ៍នេះត្រូវបានធ្វើជាលក្ខណៈឯកជនក៏ដោយប៉ុន្ដែទំនិញដែលនាំចូលមកសុទ្ធតែជាទំនិញមានគុណភាព និងត្រូវបានត្រួតពិនិត្យដោយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មថៃទាំងអស់ ពិសេសនៅក្នុងប្រទេសកម្ពុជាក៏មានគណៈកម្មការត្រួតពិនិត្យលើគុណភាពមុននឹងឱ្យដាក់តាំងបង្ហាញដើម្បីផ្សព្វផ្សាយផងដែរ៕