ចិន ជាទីផ្សារកសិផលយ៉ាងសំខាន់មួយរបស់កម្ពុជា ព្រោះប្រទេសនេះបានអនុញ្ញាតឱ្យកម្ពុជានាំផលិតផលកសិកម្មជាច្រើនប្រភេទទៅកាន់ទីផ្សាររបស់ខ្លួនដើម្បីបំពេញតម្រូវការនៅក្នុងស្រុក។
ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថាកម្ពុជាកំពុងមមាញឹករៀបចំឯកសារដើម្បីសុំការនាំចេញសាច់គៅទៅកាន់ទីផ្សារចិន។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា យើងកំពុងរៀបចំស្នើសុំនាំចេញសាច់គោទៅកាន់ប្រទេសចិន។ ការរៀបចំនេះធ្វើឡើងដោយសារតែយើងមើលឃើញពីបញ្ហាប្រឈមរវាងប្រទេសចិន និងប្រទេសអូស្ត្រាលីដែលជាប្រទេសនាំចេញសាច់គោទៅកាន់ប្រទេសចិន។ ហេតុនេះ យើងនឹងបង្កើនការផលិតសាច់គោ ដើម្បីនាំចេញទៅចិន ដែលរហូតមកដល់ពេលនេះយើងកំពុងមមាញឹកដើម្បីរៀបចំបែបបទដើម្បីសុំការនាំចូល។
ជាដំណាក់កាលដំបូងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្រសួងបានធ្វើលិខិតផ្លូវការមួយ ដើម្បីបញ្ជាក់ទៅកាន់ភាគីចិនថា យើងមានលទ្ធភាពក្នុងការនាំចេញសាច់គោទៅកាន់ប្រទេសចិន។ ស្របពេលជាមួយគ្នានោះ ចិនក៏មានសំណួរជាច្រើនមកកាន់កម្ពុជាដែលយើងត្រូវធ្វើការឆ្លើយតប។
ឯកឧត្តមបានបន្ថែមផងដែរថា ភាគីចិននឹងមកត្រួតពិនិត្យនូវអ្វីដែលកម្ពុជាបននាំចេញដើម្បីធានាថាហេដ្ឋារចនាសម្ព័ន្ធនៃការផលិត និងចិញ្ចឹមល្អ ត្រូវតាមស្តង់ដាដែលគេចង់បាន។ ប្រសិនបើគេរកឃើញថាយើងធ្វើបានល្អនោះគេនឹងអនុញ្ញាត៕