Suarez ធ្លាប់ត្រូវបានលោក Koeman ប្រាប់ដោយផ្ទាល់ថា មិនស្ថិតក្នុងបញ្ជីកីឡាករប្រើប្រាស់ឡើយ និងបើអាចរកក្លិបថ្មីលេងបាន ក៏ទៅចុះ ពីព្រោះគេអាចប្រឈមមុខនឹងការអង្គុយនៅកៅអីបម្រុងជាអចិន្ត្រៃយ៍។ បន្ទាប់ពីនោះ មិនបានប៉ុន្មានផង កីឡាកររូបនេះ ត្រូវបាន FC Barcelona ប្រកាសថា បានចែកផ្លូវគ្នា ដោយបានលក់ទៅឱ្យ AT Madrid ក្នុងតម្លៃត្រឹមតែ ៧លានដុល្លារប៉ុណ្ណោះ។
មិត្តរួមក្រុម Messi បានបញ្ចេញប្រតិកម្មថា ” Suarez ធ្លាប់បានជួយដល់ក្រុមច្រើនណាស់ គេមិនស័ក្តិសមនឹងត្រូវខាងក្លិប Barca បោះបង់ចោលបែបហ្នឹងឡើយ។ តែយ៉ាងណា ជាការពិត មកដល់ដំណាក់កាលនេះហើយ វាគ្មានអ្វីភ្ញាក់ផ្អើលដល់ខ្ញុំទៀតទេ នៅពេលដែលក្លិបនេះ ធ្វើអ៊ីចឹងដាក់កីឡាករទៅហើយនោះ”។
គួរឱ្យដឹងដែរថា លោក Koeman ដែលជាគ្រូបង្វឹកថ្មីរបស់ក្លិប FC Barcelona បានដកកីឡាករជាច្រើនចេញពីបញ្ជីឈ្មោះជម្រើសដំបូងរបស់ខ្លួន ក្នុងនោះក៏មានកីឡាករសំខាន់ៗចាស់វស្សាជាច្រើនរូបផងដែរ ក្រោយពីក្រុមមួយនេះបង្ហាញខ្លួនមិនបានល្អនៅ UEFA Champions League៕