ភ្នំពេញ៖ ក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរដែលជាក្រុមហ៊ុនកសិកម្មមួយនៅក្នុងប្រទេសកម្ពុជា បានទទួលវិញ្ញាបនបត្របញ្ជាក់គុណភាពកសិកម្មសរីរាង្គស្តង់ដារសហគមន៍អ៊ឺរ៉ុបដែលជានេះជាវិញ្ញាបនបត្រដំបូងគេបង្អស់របស់កម្ពុជាសម្រាប់ដំណាំចម្ការបន្លែផ្លែឈើ។
ស្ថាបនិកក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ លោក អៀង សុធារ៉ា មានប្រសាសន៍ថា ដោយមើលឃើញថា បញ្ហាបន្លែផ្លែឈើមានជាតិគីមីជាបញ្ហាដែលប្រជាពលរដ្ឋខ្មែរ កំពុងប្រឈមចំពោះបញ្ហាសុខភាពទៅថ្ងៃអនាគតនោះ ក្នុងនាមលោកជាស្ថាបនិកក្រុមហ៊ុនខាងលើបានរួមចំណែកក្នុងការលើកកម្ពស់ធ្វើកសិកម្មបែបសរីរាង្គ។ លោកបន្តថា ក្រុមហ៊ុនលោកបានចំណាយធនធាន និងពេលវេលាច្រើនឆ្នាំក្នុងការស្នើសុំវិញ្ញាបនបត្រសរីរាង្គស្តង់ដារអឺរ៉ុបនេះដើម្បីបង្កើនទំនុកចិត្តអតិថិជន។ វិញ្ញាបនបត្រសរីរាង្គស្តង់ដារអឺរ៉ុបនេះត្រូវបានផ្តល់ទៅលើបន្លែ និងផ្លែឈើចំនួន58ប្រភេទក្នុងកសិដ្ឋាន2កន្លែងរបស់ក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ គឺកសិដ្ឋានរមណីយដ្ឋានពិកនិកតាមបណ្តោយផ្លូវជាតិលេខ 4 ក្នុងខេត្តព្រះសីហនុ និងកសិដ្ឋាន Eco-Agri Farm ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។
លោក អៀង សុធារ៉ា អះអាងថា ដើម្បីជំរុញការធ្វើកសិកម្មសរីរាង្គ ក្រុមហ៊ុនលោកនឹងបន្តធ្វើការផ្សព្វផ្សាយ បណ្តុះបណ្តាល និងជំរុញការអនុវត្តកសិកម្មសរីរាង្គតាមបែបកិច្ចសន្យាជាមួយកសិករផ្ទាល់។ លោកថា ការទទួលបានវិញ្ញាបនបត្រសរីរាង្គស្តង់ដាអឺរ៉ុបនេះ នឹងជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករ ព្រមទាំងរួមចំណែកថែរក្សាសុខភាពប្រជាពលរដ្ឋកម្ពុជាទៀតផង។
លោក គ្រី សុជាតិ ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៅក្រុមហ៊ុន Control Union ដែលជាស្ថាបនិកវាយតម្លៃ និងចេញវិញ្ញាបនបត្រសរីរាង្គខាងលើមានប្រសាសន៍ថា មុននឹងផ្តល់វិញ្ញាបនបត្រសរីរាង្គស្តង់ដារអឺរ៉ុបទៅឱ្យក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ ក្រុមហ៊ុនលោកបានត្រួតពិនិត្យវាយតម្លៃ និងឆ្លងកាត់បែបបទសំខាន់ៗជាច្រើនដំណាក់កាល ទាំងការវាយតម្លៃរៀបចំឯកសារនៅក្រុមហ៊ុន និងនៅកសិដ្ឋានផ្ទាល់។
លោក ទែន រ៉ា ទីប្រឹក្សាបច្ចេកទេសស្តង់ដារអង្គការអាល្លឺម៉ង់ GIZ ដែលបានចូលរួមជួយគាំទ្រក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរដើម្បីទទួលបានវិញ្ញាបនបត្រស្តង់ដាសរីរាង្គនេះ បានឱ្យដឹងថា GIZ មានគម្រោងមួយដែលធ្វើការលើស្តង់ដាពាណិជ្ជកម្មស្បៀងអាហារក្នុងតំបន់អាស៊ីអាគ្នេយ៍។ គម្រោងនេះអនុវត្តនៅក្នុងប្រទេសចំនួន5ក្នុងតំបន់អាស៊ីរួមទាំងកម្ពុជាផងដែរ។
ការផ្តល់វិញ្ញាបនបត្របញ្ជាក់គុណភាពស្តង់ដារខាងលើ ដោយយោងផងដែរទៅលើក្រុមហ៊ុនដែលបានចូលរួមលើកកម្ពស់ការបរិភោគបន្លែ និងផ្លែឈើសរីរាង្គជូនដល់ប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ។ ក្រៅពីនេះក្រុមហ៊ុនក៏បានផ្តល់ជាសម្ភារបច្ចេកទេស និងចំណេះដឹងសំខាន់ៗជាច្រើនដល់បណ្តាកសិករនៅតាមបណ្តាខេត្តនានាដើម្បីអាចមានលទ្ធភាពដាំដំណាំបានដោយខ្លួនឯង។ លើសពីនេះការអនុវត្តនូវការដាំដុះបែបសរីរាង្គនេះ គឺវាជួយថែរក្សាបរិស្ថានឱ្យមាននិរន្តរភាពផងដែរ។
គួរបញ្ជាក់ថា បន្លែផ្លែឈើសរីរាង្គ និងបន្លែផ្លែឈើធម្មជាតិមានរសជាតិ និងវីតាមីនមិនដូចគ្នានោះទេ ហើយការដាំដុះ និងថែទាំវិញក៏មិនដូចគ្នាដែរ។ ការដាំដុះបែបសរីរាង្គគឺជាការដាំដុះមួយដែលអ្នកបច្ចេកទេសត្រូវត្រួតពិនិត្យទាំងទីតាំងដីដែលត្រូវដាំដុះ ការដាក់ជីសរីរាង្គ និងថ្នាំពុលសរីរាង្គជាដើម។ ដូច្នេះហើយទើបធ្វើឱ្យបន្លែផ្លែឈើសរីរាង្គមានរសជាតិ និងសារធាតុចិញ្ចឹមច្រើនជាងបន្លែផ្លែឈើធម្មជាតិ។ រីឯការដាំដុះតាមបែបធម្មជាតិវិញ គឺពុំមានការគិតគូរពីទីតាំងដែលត្រូវបានដាំដុះនោះទេ ពោលគឺដូចជាការដាំដំណាំនៅក្បែរផ្ទះដោយដាំពឹងផ្អែកទៅលើដីនោះមានជីវជាតិស្រាប់ដោយមិនចាំបាច់ដាក់ជីអ្វីបន្ថែមនោះទេ គ្រាន់តែដាក់លាមកសត្វ និងកាកសំណល់ផ្សេងៗតែប៉ុណ្ណោះ៕