ភ្នំពេញ៖ បើគេ ធ្វើដំណើរកាត់តាមផ្លូវជាតិឆ្ពោះទៅបណ្តាខេត្តផ្សេងៗមិនថាខេត្តណាមួយនោះទេនៅក្នុងប្រទេសកម្ពុជា យើងសង្កេតឃើញថា កសិករតែងទុកដីឱ្យទំនេរចោលរាប់សិបហិកតា និងរាប់មិនអស់ ដោយមិនបានយកដីទាំងនោះទៅដាំដំណាំកសិកម្មអ្វីឱ្យកើតជាប្រយោជន៍ដល់គ្រួសារឡើយ តែបែជានាំគ្នាធ្វើចំណាកស្រុករកការងារធ្វើនៅទីឆ្ងាយៗវិញ។
ងាកទៅមើលជីវភាពកសិកររស់នៅភូមិដូង ស្រុករមាសហែក ខេត្តស្វាយរៀងដែលជាភូមិមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាមឯណោះវិញ ពួកគាត់មិនបានទុកដីឱ្យ នៅទំនេរចោលទេ គឺពួកគាត់តែងនាំគ្នាដាំឫស្សីពីងពង់ ហើយអាចកាប់លក់ទទួលបានប្រាក់ចំណូលធូរធារទៀតផងនៅពេលប្រមូលផលលក់ទៅឱ្យឈ្មួញមកពីប្រទេសវៀតណាមម្តង។
កសិករថា ឫស្សីពីងពង់ជាប្រភេទឫស្សីដែលរឹងមាំ អាចធន់នឹងអាកាសធាតុ មិនងាយពុកផុយដែលគេតែងយកទៅច្នៃធ្វើជាគ្រឿងសង្ហារិម ធ្វើជាសម្ភារប្រើប្រាស់ផ្សេងៗ ឬច្នៃធ្វើជាម៉ូដហាងឱ្យស្អាតៗបង្កើនសម្រស់ហាងទាក់ទាញអតិថិជនទៀតផង។ ដោយសារតែមានតម្រូវការបែបនេះ ទើបសព្វថ្ងៃប្រជាពលរដ្ឋដែលមានដើមឫស្សីពីងពង់មានចិត្តសប្បាយរីករាយខ្លាំង និងធ្វើឱ្យជីវភាពបានធូរធារមួយកម្រិតឡើងទៀតដោយសារមានឈ្មួញវៀតណាមឡើងមកទិញដល់ភូមិឃុំរបស់ពួកគាត់តែម្តង ។
ឫស្សីពីងពង់ប្រភេទនេះត្រូវបានប្រជាពលរដ្ឋខ្លះដើរប្រមូលទិញពីភូមិមួយទៅភូមិមួយ ក្នុងស្រុករមាសហែកយកមកលក់បន្តឱ្យឈ្មួញវៀតណាម ហើយឈ្មួញដឹកយកទៅលក់បន្តទៀតនៅឯប្រទេសវៀតណាម ដោយឫស្សីដើមជាប្រភេទលេខ1មានតម្លៃ 5000រៀល លេខ2បានតម្លៃ4000ពាន់រៀល និងប្រភេទលេខ3 លក់បាន1500ទៅ2500រៀលក្នុងមួយដើម។
ចំណែកអ្នកភូមិបាត្រាស់នៅក្នុងស្រុករមាសហែកដែរនោះបានឱ្យដឹងទៀតថា ឫស្សីពីងពង់នេះគេយកទៅធ្វើជាគ្រឿងសង្ហារិមមានតុ កៅអី និងធ្វើផ្ទះសំបែងទៀតផង។ ហើយបើពុំមានការដាំឡើងវិញទេ ច្បាស់ជាឫស្សីប្រភេទពីងពង់នេះនឹងបាត់ពូជបន្តិចម្តងៗ និងអាចឈានទៅដល់ការបាត់បង់ទាំងស្រុងទៀតផង ព្រោះឈ្មួញវៀតណាមមានតម្រូវការច្រើនដើម្បីយកទៅផ្គត់ផ្គង់ទីផ្សារនៅឯប្រទេសរបស់គេ។ ពលរដ្ឋខាងលើបានប្រាប់ទៀតថា ឫស្សីពីងពង់នេះបើដាំវា គឺមានរយៈពេលយូរទម្រាំបានផល គឺដាំតាមធម្មជាតិ ចន្លោះពី4ទៅ6ឆ្នាំឯណោះទើបកាប់វាយកផលបាន តែមិនពិបាកថែរក្សាស្រោចទឹកបោចស្មៅនោះទេ គ្រាន់តែដាំហើយទុកចោល ឬស្សីអាចល្អទៅតាមសណ្ឋានដី ក្នុងមួយគុម្ពជួនកាលមានចំនួនជាង100ដើមឯណោះ។
ដោយឡែកចំពោះឈ្មួញកណ្តាលវិញក៏បានធ្វើការជំរុញដល់ប្រជាពលរដ្ឋសូមឱ្យបង្កើនការដាំឫស្សីពីងពង់នេះឱ្យបានច្រើនបន្ថែមទៀតដើម្បីលើកកម្ពស់ជីវភាពរស់នៅ ព្រោះឫស្សីពីងពង់នេះមានទីផ្សារដោយមានតម្លៃសមរម្យដែលអាចទទួលយកបាន និងរួមចំណែកកាត់បន្ថយភាពក្រីក្របានមួយកម្រិតផងដែរ វាជាជាងទុកដីឱ្យនៅទំនេរចោលឥតប្រយោជន៍៕