សម្រាប់អ្នកដែលចង់ទៅលេងខេត្តសៀមរាបនឹងអស់បារម្ភពីរឿងថា ពិបាករកកន្លែងជួលយានជំនិះសម្រាប់ជិះកម្សាន្តជិតៗក្នុងតំបន់ប្រាសាទបុរាណនានាទៀតហើយ ព្រោះពេលនេះ លោកអ្នកអាចរកជួលកង់អគ្គិសនីជិះបានយ៉ាងងាយស្រួលជាមួយនឹងតម្លៃសមរម្យ និងលក្ខខណ្ឌដ៏ងាយបំផុត។
ម្ចាស់ហាង Ovelocity e-Bike Rental បានបញ្ជាក់ប្រាប់តាមទូរស័ព្ទឱ្យដឹងថា សម្រាប់លោកអ្នកដែលមកលេងខេត្តសៀមរាបហើយចង់ជួលកង់ជិះកម្សាន្តជុំវិញខេត្ត អាចមករកសេវាជួលកង់អគ្គិសនីជិះយ៉ាងស្រួលនៅទីនេះបានជាមួយនឹងតម្លៃធូរថ្លៃ ងាយស្រួល និងមិនពិបាកកក់លុយអ្វីទាំងអស់។ លោកបន្ដថា ចំពោះសេវាខាងលោកមានគិតជាម៉ោងដោយត្រឹមមួយម៉ោង3ដុល្លារ 6ម៉ោងតម្លៃ 8ដុល្លារ 24ម៉ោងឬមួយថ្ងៃតម្លៃ10ដុល្លារ និងការជួលជិះជាលក្ខណៈក្រុមការងារមានតម្លៃចាប់ពី 30ដុល្លារឡើងទៅ។
ម្ចាស់ហាងខាងលើបញ្ជាក់ថា៖ «ពីមុន អ្នកមកលេងសៀមរាបភាគច្រើនពិបាករកកន្លែងជួលកង់ម៉ូតូជិះណាស់ អ៊ីចឹងហើយបានជាខ្ញុំសម្រេចបើកសេវាកម្មមួយនេះឡើង ដោយមិនចាំបាច់កក់លុយ ឬបញ្ចាំរបស់អ្វីទេ ត្រឹមតែទុកអត្តសញ្ញណប័ណ្ណ ឬលិខិតឆ្លងដែនជាការស្រេច»។
លោកបន្ថែមឱ្យដឹងទៀតថា កង់អគ្គិសនីអាចជិះបានពី30 ទៅ 45Km ក្រោយពេលសាកពេញម្ដងៗ ហេតុនេះភ្ញៀវ ឬអ្នកមកលេងតំបន់ប្រាសាទបុរាណ ទៅអង្គរវត្ត អង្គរធំ បារាយណ៍ខាងកើត និងជិះត្រឡប់មកហាងវិញដោយគ្មានអ្វីគួរឱ្យបារម្ភទេជាមួយនឹងល្បឿន 25Km/h ។ មួយវិញទៀត ខាងហាងក៏បានបង្កើតមានស្ថានីយសម្រាប់សាកបញ្ចូលថាមពលថ្មជាច្រើនកន្លែងនៅក្នុងខេត្តសៀមរាបដោយឥតថ្លៃទៀតផង។ សម្រាប់កង់អាគុយប្រើប្រាស់ថាមពលអគ្គិសនីនេះត្រូវបាននាំចូលពីប្រទេសចិនដោយប្រិយមិត្តអាចជួលម្នាក់ឯង ឬជាក្រុមបាន ខណៈហាងមានកង់រហូតដល់70គ្រឿងឯណោះសម្រាប់ឱ្យជួល៕