ស្ថានីយអវកាសអន្តរជាតិដែលមានឈ្មោះថា «Tiangong» កំពុងត្រូវបានសាងសង់ ដោយមានការចូលរួមពីប្រទេសចំនួន17 ក្នុងនោះរួមមានទាំង ចិន បារាំង អាល្លឺម៉ង់ និងជប៉ុនផងដែរ។ ចិន រំពឹងថា ខ្លួននឹងអាចប្រតិបត្តិការស្ថានីយអវកាសនេះ ត្រឹមឆ្នាំ2022។ រីឯស្ថានីយអវកាសអន្តរជាតិ (ISS) របស់អាមេរិក ដែលត្រូវបានបាញ់បង្ហោះក្នុងឆ្នាំ1998 ធ្វើជាមន្ទីរពិសោធន៍វិទ្យាសាស្ត្រអវកាស ត្រូវបានរំពឹងថា នឹងបញ្ចប់ប្រតិបត្តិការក្នុងឆ្នាំ2030 ចំណែកដៃគូដែលចូលរួមក្នុងប្រតិបត្តិការនេះ រួមមានដូចជា រុស្ស៊ី ជប៉ុន អឺរ៉ុប និងកាណាដាជាដើម។
បន្ទាប់ពីទទួលបានដំណឹងខាងលើ លោក Jim Bridenstine ប្រធានអង្គការ NASA បានថ្លែងព្រមានទៅកាន់សភាអាមេរិក កាលពីថ្ងៃទី23 ខែកញ្ញា ឆ្នាំ2020 អំពីភាពឈានមុខរបស់ស្ថានីយអវកាសចិន។ លោកបានថ្លែងថា៖ «ខ្ញុំសូមប្រាប់អ្នកនូវរឿង1 ដែលខ្ញុំពិតជាមានការព្រួយបារម្ភខ្លាំងណាស់ ហើយនោះគឺជាអ្វី ដែលកំពុងខិតជិតមកដល់ហើយ គឺនៅពេលស្ថានីយអវកាសអន្តរជាតិ នោះនឹងបញ្ចប់អាយុកាលប្រើប្រាស់ ដូច្នេះដើម្បីអាចឱ្យអាមេរិក បន្តមានវត្តមាននៅលើគន្លងផែនដី យើងត្រូវតែរៀបចំស្ថានីយអវកាសថ្មី»។
លោក Jim Bridenstine បន្តថា៖ «យើងចង់ឃើញការបង្កើតដៃគូរវាងរដ្ឋ និងឯកជន ដែលអង្គការ NASA អាចចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុននានា ដូច្នេះយើងអាចរក្សាវត្តមានមនុស្សជាអចិន្ត្រៃយ៍លើគន្លងផែនដីបាន»។ ជាមួយគ្នានេះ មេអង្គការ NASA បានលើកឡើងពីចិនថា ប្រទេសនេះកំពុងសង់ស្ថានីយអវកាសអន្តរជាតិ និងមិនតែប៉ុណ្ណោះការអភិវឌ្ឍនេះ គឺមានការចូលរួមពីប្រទេសដៃគូអាមេរិកទៀតផង។ «វានឹងក្លាយជាសោកនាដកម្ម ប្រសិនបើយើងបោះបង់គន្លងផែនដីនេះចោល»៕