កាលពីយប់ថ្ងៃទី24 កញ្ញាកន្លងទៅ ក្រុមហ៊ុន សាមសុង បានបង្ហាញចេញផ្លូវការនូវស្មាតហ្វូនម៉ូដែលពិសេសគឺ Galaxy S20 Fan Edition ដោយវាមានបូកបញ្ចូលលក្ខណសម្បត្តិពិសេសៗលើស Galaxy S20 ដែលចេញកាលពីដើមឆ្នាំ និងមានតម្លៃទាបជាងទៀតផង។
ការកុម្ម៉ង់ទិញ S20 FE លើទីផ្សារមួយចំនួនបានបើកទទួលកាលពីថ្ងៃទី23 ខែកញ្ញាតទៅ ហើយសម្រាប់នៅអាមេរិកមានលក់ផ្ដាច់មុខតែប្រភេទ 5G ក្នុងតម្លៃ 699ដុល្លារប៉ុណ្ណោះ ឯនៅទីផ្សារចក្រភពអង់គ្លេស មានទាំងប្រភេទ 4G និង 5G ដោយប្រភេទ 4G តម្លៃ 599ផោន ( 763ដុល្លារ) និងប្រភេទ 5G តម្លៃ 699ផោន ( 890ដុល្លារ)។
លក្ខណសម្បតិ្តត្រួសៗលើ Galaxy S20 FE គឺមានចែកចេញជាប្រភេទ 4G និងប្រភេទ 5G ដែលប្រភេទ 4G ប្រើប្រាស់ឈីប Exynos 990 និងប្រភេទ 5G ប្រើប្រាស់ឈីប Snapdragon 865។ ម៉ូដែលទាំង2 មាន RAM ប្រភេទ LPDDR5 ទំហំ 6GB ដូចគ្នា និងប្រើប្រាស់អង្គផ្ទុក UFS 3.0 ទំហំ 128GB មានរន្ធដោតមេម៉ូរីបានទំហំដល់ 1TB។
អេក្រង់របស់ S20 FE មានចោះរន្ធតូចចំកណ្ដាលសម្រាប់បំពាក់កាមេរ៉ាទំហំ 32MP ដែលមាន Aperture f/2.2 ហើយវាមានបង្កប់ទ្រនាប់ស្គែនម្រាមដៃលើអេក្រង់ ដែលមានទំហំ 6.5អ៊ីញ ជាប្រភេទ Super AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត FHD+ មាន Refresh Rate 120Hz និងគាំទ្រនូវ HDR 10+ ហើយអេក្រង់នេះការពារដោយកញ្ចក់ Gorilla Glass 3។
កាមេរ៉ាខាងក្រោយ 3គ្រាប់ ដែលកាមេរ៉ាមេទំហំ 12MP មានបច្ចេកវិទ្យា Dual-Pixel និងមានបច្ចេកវិទ្យារក្សាលំនឹង OIS ហើយមាន Aperture f/1.8។ កាមេរ៉ាបន្ទាប់ជា Ultrawide ទំហំ 12MP ដែលមាន Aperture f/2.2 និងចុងក្រោយជាកាមេរ៉ា Telephoto ទំហំ 8MP ដែលអាច Zoom Optical 3ដង និង Zoom Digital បាន 30ដង ហើយមាន Aperture f/2.4។ វាមានថ្មទំហំ 4500mAh អាចសាកថ្មបាន 25វ៉ាត់ និងសាកថ្មឥតប្រើខ្សែបានកម្លាំង 15វ៉ាត់ និងមានមុខងារ Wireless PowerShare ទុកសាកថ្មឱ្យឧបករណ៍ដទៃបានដែរ។
ក្នុងប្រអប់មានដុំសាកកម្លាំងត្រឹម 15វ៉ាត់ប៉ុណ្ណោះ និងនៅមានចំណុចពិសេសផ្សេងទៀត ដូចជារន្ធបំពងសំឡេងស្ទេរីអូ AKG ជាមួយបច្ចេកវិទ្យាសំឡេង Dolby, សមត្ថភាពធន់នឹងទឹក និងធូលីដីកម្រិត IP68 និងប្រើប្រាស់ USB-C ជាមួយ USB 3.2 ជាដើមទៀតផង៕