ពេលនិយាយពីការទៅដើរលេងកម្សាន្តនៅប្រទេស ម៉ាឡេស៊ី មណ្ឌលទេសចរណ៍ដ៏ល្បីល្បាញដែលមនុស្សជាច្រើនត្រូវតែនឹកដល់មុនគេបង្អស់នោះគឺ ហ្គេនធីង ហាយលែនដ៍ ហ្នឹងឯង តែដឹងឬទេថា តើនៅទីនោះមានកន្លែងកម្សាន្តបែបណាខ្លះ ឬមានដំណើរកម្សាន្តអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លះទៅ?។ តាមឡារ៉ែនមក ថ្ងៃនេះយើងនឹងនាំទៅលុកលុយមណ្ឌលទេសចរណ៍ ហ្គេនធីង ហាយលែនដ៍ទាំងអស់គ្នា។
ហ្គេនធីង ហាយលែនដ៍(Genting Highlands)ស្ថិតនៅក្នុងរដ្ឋ ប៉ាហាំង ដែលនៅឆ្ងាយពីីទីក្រុង គូឡាឡាំពួ ប្រមាណជា 51គីឡូម៉ែត្រ ដោយស្ថិតនៅលើកំពូលភ្នំដែលមានកម្ពស់ដល់ទៅ 2,000ម៉ែត្រ ទើបធ្វើឱ្យទីនោះមានធាតុអាកាសត្រជាក់ និងមានអ័ព្ទពេញមួយឆ្នាំទល់មួយឆ្នាំ។ ផ្ទៃដីខាងលើមិនមែនមានតែភាពស្រស់ស្អាតរបស់ធម្មជាតិ និងទេសភាពដ៏ល្អអស្ចារ្យប៉ុណ្ណោះទេ តែនៅពេញទៅដោយភាពកម្សាន្តសប្បាយដ៏ច្រើនរូបបែប ទាំងកាស៊ីណូ សណ្ឋាគារប្រណីត រោងភាពយន្ត ទីលានវាយកូនហ្គោល និងសួនកម្សាន្ត 2កន្លែងគឺ Outdoor Theme Park និង First World Indoor Theme Park រួមទាំងកិច្ចការងារកម្សាន្តផ្សេងៗទៀតជាច្រើនដែលឡារ៉ែននឹងប្រមូលយកមកជម្រាបជូនមិត្តអ្នកអានដូចតទៅ ៈ
1 . ជិះកន្រ្តកខ្សែរ៉ក Awana Skyway
ដោយសារតែ ហ្គេនធីង ហាយលែនដ៍ ស្ថិតនៅលើកំពូលភ្នំដែលមានកម្ពស់លើនីវ៉ូទឹកសមុទ្រដល់ទៅ 2,000ម៉ែត្រ ដូច្នោះហើយទើបវិធីដែលងាយស្រួលបំផុតដែលយើងនឹងឡើងទៅដល់លើនោះបានគឺ ការជិះកន្រ្តកខ្សែរ៉កហ្នឹងឯង ហើយក្នុងអំឡុងការជិះឡើងនេះ ក្រៅពីនឹងបានជក់ចិត្តលង់ទៅជាមួយធាតុអាកាសនៅលើភ្នំដែលត្រជាក់ពេញមួយរយៈពេល 10នៃការជិះនោះហើយ អ្នកទេសចរនៅបានទទួលបទពិសោធន៍ដ៏គួរឱ្យរំភើបញាប់ញ័រតាមរយៈទស្សនីយភាពរបស់ព្រៃសន្សើមដែលមានអាយុច្រើនជាង 130លានឆ្នាំដែលស្ថិតនៅខាងក្រោមនោះទៀតផង។
2 . ទីសក្ការៈអាទិទេពស័ក្តិសិទ្ធិនៃ Chin Swee Caves Temple
បើអ្នកណាមានឱកាសបានមកលេងហ្គេនធីង ហាយលែនដ៍ ឡារ៉ែនសូមណែនាំថា គួរតែទៅគោរពសក្ការៈរូបចម្លាក់របស់ ព្រះអាចារ្យ ឈិន ស្វ៊ី ជាអាទិទេពដែលអ្នកស្រុកនៅមណ្ឌល ហ្វូ៊ចៀនផ្ដល់នូវការគោរពបូជាយ៉ាងខ្លាំង រួមទាំងអ្នកទេសចរណ៍ទាំងជនជាតិម៉ាឡេស៊ី និងជនជាតិបរទេសផងក៏និយមទៅធ្វើបុណ្យសក្ការៈជាប់ជានិច្ចដែរ។ វត្ត ឈិន ស្វ៊ី ស្ថិតនៅក្នុងព្រៃថ្មដែលមានកម្រិតកម្ពស់លើនីវ៉ូទឹកសមុទ្រដល់ទៅ 4,600ហ្វ៊ីត នៅខាងក្នុងវត្តប្រកបទៅដោយចេតិយ 9ជាន់បែបចិន ព្រះពុទ្ធរូបថ្មដ៏ធំ រូបចម្លាក់ម្ចាស់ម៉ែគង់ស៊ីអ៊ីម បន្ទប់មើលទេសភាព កន្លែងប្រតិបត្តិធម៌ និងភោជនីយដ្ឋានម្ហូបបួស រួមទាំងរូបចម្លាក់ផ្សេងៗដែលតម្រៀបគ្នាជាជួរនៅតាមផ្លូវដើរលើចង្កេះភ្នំ។
3 . បេះផ្លែ ស្រ្តបឺរី នៅ Strawberry Leisure Farm
កិច្ចការងារកម្សាន្តមួយក្នុងចំណោមកិច្ចការងារកម្សាន្តដែលមិនគួររំលងនៅពេលទៅលេងប្រទេសម៉ាឡេស៊ី លើភ្នំហ្គេនធីង ហាយលែនដ៍នោះគឺ ការសប្បាយជក់ចិត្តជាមួយការបេះផ្លែស្រ្តបឺរីធំៗ ពណ៌ក្រហមរលោង ផ្អែមត្រជាក់នៅក្នុង Strawberry Leisure Farm ដែលនៅខាងក្នុងកសិដ្ឋាននោះ ក្រៅពីមានផ្លែស្រ្តបឺរីឱ្យបេះ និងថតរូបទុកជាអនុស្សាវរីយ៍ហើយ ទីនេះនៅមានវត្ថុគួរឱ្យចាប់អារម្មណ៍ផ្សេងៗទៀតជាច្រើន មានទាំង សណ្ដែកបណ្ដុះឥន្រ្ទីយ និងរុក្ខជាតិក្នុងផើងពពួកដើមផ្កាអ័រគីដេដ៏ច្រើនប្រភេទ រួមទាំងហាងកាហ្វេ និងហាងលក់វត្ថុអនុស្សាវរីយ៍ដែលអនុញ្ញាតឱ្យភ្ញៀវចូលទស្សនា និងទិញយ៉ាងសប្បាយដៃ។
4 . បើកពិភពមហស្ចារ្យ នៅ CyberWorld – First World Hotel
Genting CyberWorld គឺមជ្ឈមណ្ឌលរួមនៃការកម្សាន្តដែលអាចបានជួបនៅក្នុង First World Plaza នៅលើហ្គេនធីង ហាយលែនដ៍ ដែលទីនោះនឹងបើកបម្រើសេវាកម្មពេញ 24ម៉ោងតែម្ដង ក្រៅពីនេះនៅផ្ដល់សេវាកម្មអ៊ីនធើណិតល្បឿនលឿនទៀតផង។ ភាគច្រើនអ្នកដែលមកទីនេះ ច្រើនតែមកលេងហ្គេម លេងក្ដារលើទឹករលក រួមទាំងជក់ចិត្តដិតអារម្មណ៍ជាមួយបទពិសោធដ៏សម្បូរបែបពីវត្ថុជួយបង្កើនភាពងាយស្រួលតាមរយៈពិភពឌីជីថល ក្រៅពីនោះ នៅខាងក្នុងក៏មានសួនកម្សាន្តសម្រាប់ឱ្យក្មេងៗបានសប្បាយរីករាយផងដែរ។
ក្រៅពីទាំងអស់ខាងលើនេះហើយ ហ្គេនធីង ហាយលែនដ៍ នៅពេញទៅដោយវត្ថុជួយបង្កើនភាពងាយស្រួល និងទីកន្លែងកម្សាន្តដែលគួរឱ្យសប្បាយរីករាយជាច្រើនទៀតដែលអាចសប្បាយបានគ្រប់ភេទគ្រប់វ័យតែម្ដង និងថែមទាំងស្ថិតនៅមិនឆ្ងាយពីប្រទេសរបស់យើងប៉ុន្មានឡើយ។ អ្នកណាដែលកំពុងសម្លឹងរកមើលកន្លែងដើរលេងសប្បាយទាំងគ្រួសារនៅក្រៅប្រទេសជិតៗខ្លួននោះ ទីនេះក៏ជាជម្រើសមួយដែលគួរឱ្យចាប់អារម្មណ៍ដែរ៕