កំណត់ត្រានៃការរកគ្រាប់បាល់ដ៏គួរឲ្យកត់សម្គាល់របស់ Romelu Lukaku នៅពេលប្រកួតជាមួយនឹងក្រុម West Ham United មានន័យថា រូបគេរំពឹងទុកថា នឹងរកបានគ្រាប់បាល់បញ្ចូលទី នៅពេលដែលរូបគេធ្វើការបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Premier League ជាលើកទី1របស់គេសម្រាប់ក្រុម Manchester United នៅថ្ងៃអាទិត្យនេះ។
ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិកវ័យ 24ឆ្នាំរូបនេះ បានស៊ុតបាល់បញ្ចូលទី9គ្រាប់ ក្នុងការបង្ហាញខ្លួនទាំង9លើកដំបូងរបស់គេពេលប្រកួតជាមួយនឹងក្រុម West Ham សម្រាប់អតីតក្រុមរបស់គេគឺ Everton នៅមុនពេលក្រុមញញួរធំមួយនេះបានរារាំងរូបគេមិនឲ្យរកគ្រាប់បាល់ក្នុងពេលបញ្ចប់ក្នុងលទ្ធផល 0-0 កាលពីខែមេសា។
Lukaku បានរកគ្រាប់បាល់បញ្ចូលទី1គ្រាប់ ក្នុងពេលក្រុម Man United ចាញ់ក្រុម Real Madrid 2-1 ក្នុងការប្រកួតដណ្តើមពាន UEFA Super Cup ក្នុងរដ្ឋធានី Skopje ប្រទេសម៉ាសេដ្វាន កាលពីថ្ងៃអង្គារ ហើយមិត្តរួមក្រុមរបស់គេបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅនឹងទម្រង់លេងរបស់គេក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលនេះ។ ខ្សែការពារស្លាបស្តាំ Antonio Valencia របស់ Man United បាននិយាយថា៖ «Lukaku បានធ្វើការងារដ៏អស្ចារ្យជាមួយនឹងក្លិបដែលរូបគេបានលេងឲ្យ។ ខ្ញុំគឺជាក្មេងដែលនៅជាប់ជាមួយ Romelu។ រូបគេគឺពិតជាកីឡាករដ៏ខ្លាំងម្នាក់។ ខ្ញុំបានឃើញរូបគេបំពេញកាតព្វកិច្ចនៅលើទីលាន និងក្នុងពេលហ្វឹកហាត់។ វាពិតជារឿងដ៏មិនគួរឲ្យជឿឡើយក្នុងការមើលឃើញពីភាពខ្លាំង ថាមពល និងភាពវៃឆ្លាតរបស់គេក្នុងការគ្រប់គ្រងបាល់។ យើងសង្ឃឹមថា វាគឺជាឆ្នាំដ៏ល្អមួយសម្រាប់រូបគេ និងក្រុមនេះ»។
Lukaku ដែលបានផ្ទេរមកពីក្លិប Everton ក្នុងតម្លៃខ្លួន 75លានផោន (ស្មើនឹង97.3លានដុល្លារអាមេរិក) នោះអាចនឹងក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករទាំងដែលនឹងធ្វើការបង្ហាញខ្លួនក្នុងការប្រកួតលីកជាលើកទី1សម្រាប់ក្រុម Man United នៅថ្ងៃអាទិត្យ រួមជាមួយនឹងខ្សែការពារ Victor Lindelof និង Nemanja Matic។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១០យប់៕
ស្ថិតិនៃការជួបគ្នា3លើកចុងក្រោយរវាងក្រុមទាំងពីរ
03.01.17 West Ham 0-2 Manchester United
01.12.16 Manchester United 4-1 West Ham
28.11.16 Manchester United 1-1 West Ham
ប្រភពពី៖ Sport24