Kinard មកពីទីក្រុង Maumelle នៃរដ្ឋ Arkansas សហរដ្ឋអាមេរិក បានរកឃើញត្បូងពេជ្រ1គ្រាប់ដែលមានទម្ងន់9.07ការ៉ាត់ នៅក្នុងឧទ្យានមួយនៃរដ្ឋ Arkansas ក្រោយពីគិតថា វាគ្រាន់តែជាបំណែកអំបែងកែវប៉ុណ្ណោះ។
យោងតាមសេចក្ដីប្រកាសកាលពីថ្ងៃទី23កញ្ញាកន្លងទៅរបស់ឧទ្យានពេជ្រ ដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋ Arkansas លោក Kevin Kinard ដែលជាអ្នកគ្រប់គ្រងធនាគារមួយនៅទីក្រុង Maumelle កាលពីថ្ងៃទី7កញ្ញា បានរកឃើញត្បូងពេជ្រធំលំដាប់ទី2 ចំនួន1គ្រាប់ នៅក្នុងឧទ្យានដែលមានប្រវត្តិ48ឆ្នាំ។
លោក Kinard បានឱ្យដឹងថា គាត់និងមិត្តមួយចំនួន បានយកឧបករណ៍ស្វែងរកទៅកាន់ឧទ្យាននៃទីក្រុង Murfreesboro។ គាត់បន្ថែមថា គាត់មកកាន់ឧទ្យាននេះជាញឹកញាប់កាលពីនៅក្មេង ប៉ុន្តែ មិនដែលរកឃើញត្បូងពេជ្រ1គ្រាប់ណាឡើយ។
“អ្វីក៏ដោយ ឱ្យតែមានរូបរាងស្រដៀងនឹងត្បូង គ្រីស្ដាល់ ខ្ញុំតែងតែរើសឡើង និងដាក់ទៅក្នុងថង់។ វា (គ្រាប់ពេជ្រ) មានពន្លឺភ្លឺ រលោង និងគួរជាទីចាប់អារម្មណ៍ ដូច្នេះ ខ្ញុំក៏ដាក់វាទៅក្នុងថង់ រួចស្វែងរកបន្តទៀត។ ខ្ញុំគិតថា អ្វីដែលខ្ញុំរើសបាន គ្រាន់តែជាបំណែកនៃកញ្ចក់ប៉ុណ្ណោះ” Kinard និយាយដូច្នេះ។
ប៉ុន្មានម៉ោងក្រោយមក Kinard រួមនឹងមិត្តរបស់គាត់ បាននាំយកអ្វីដែលពួកគេរើសបាន ទៅកាន់មជ្ឈមណ្ឌលរុករកត្បូងពេជ្ររបស់ឧទ្យាន ជាកន្លែងដែលបុគ្គលិកនឹងធ្វើការត្រួតពិនិត្យ និងចុះឈ្មោះត្បូងពេជ្រដែលអ្នកទេសចរណ៍រើសបាន។
Kinard បន្តថា “ខ្ញុំស្ទើរតែគ្មានបំណងពឹងឱ្យពួកគេពិនិត្យ ព្រោះគិតថា ខ្ញុំមិនបានរកឃើញអ្វីនោះឡើយ។ ប៉ុន្តែ មិត្តរបស់ខ្ញុំបានយកអ្វីដែលនាងរើសបាន ទៅឱ្យគេជួយពិនិត្យ ហើយខ្ញុំក៏ធ្វើតាមនាង”។
Kinard និយាយថា នៅពេលបុគ្គលិកពិនិត្យប្រកាសថា គាត់រើសបានត្បូងពេជ្រ ភ្លាមនោះទឹកភ្នែករបស់គាត់ក៏ហូរមកដោយមិនដឹងខ្លួន ព្រោះតែការរំភើប និងភ្ញាក់ផ្អើល។ ជំនួយការរបស់ប្រធានឧទ្យាន Dru Edmonds បញ្ជាក់ថា Kinard បានជួបលក្ខខណ្ឌអំណោយផលដែលបានជួយឱ្យគាត់រកឃើញត្បូងពេជ្រនេះ។
គិតមកដល់ថ្ងៃទី23កញ្ញា ត្បូងពេជ្រចំនួន246គ្រាប់ ដែលមានទម្ងន់សរុបឡើងដល់59.25ការ៉ាត់ ត្រូវបានរកឃើញនៅក្នុងឧទ្យានពេជ្រនៃរដ្ឋ Arkansas។ កាលពីឆ្នាំទៅ មានគ្រូបង្រៀនម្នាក់មកពីរដ្ឋ Nebraska ក៏បានរកឃើញត្បូងពេជ្រ1គ្រាប់ដែលមានទម្ងន់2.12ការ៉ាត់ នៅពេលមកលម្ហែកាយក្នុងឧទ្យាននេះ៕
ប្រភព៖ CBS/ AP