នៅឆ្នាំ 2020នេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពន្យារការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រហូតដល់ចុងខែធ្នូ ដោយសារតែបញ្ហាវិបត្តិជំងឺ Covid-19 ដែលបានផ្តល់ផលប៉ះពាល់យ៉ាងច្រើនដល់ការអប់រំ។
បើតាមការបញ្ជាក់របស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា នៅឆ្នាំនេះ ការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី 21និង22 ខែធ្នូឆ្នាំ 2020 ដោយក្នុងនោះមានបេក្ខជនដែលបានចុះឈ្មោះប្រឡងមានចំនួនសរុប 12ម៉ឺននាក់ មកពីគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន។
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡ បានលើកឡើងថា ក្រសួងអប់រំនៅតែរក្សាស្តង់ដាវិញ្ញាសារប្រឡងដដែល ហើយមិនបន្ថយស្តង់ដាវិញ្ញាដោយសារតែហេតុផលជំងឺ Covid-19នោះទេ។ ក្រសួងនៅតែរៀបចំឱ្យការប្រឡងដំណើរការទៅដោយភាពប្រក្រតី សណ្តាប់ធ្នាប់របៀបរៀបរយល្អ និងធានាគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
គួរបញ្ជាក់ថា កន្លងមកមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ក៏ធ្លាប់បានលើកឡើងផងដែរថា សិស្សអាចមានពេលគ្រប់គ្រាន់ចាប់ពីពេលនេះរហូតដល់ថ្ងៃប្រឡងនៅចុងឆ្នាំ ដើម្បីត្រៀមប្រឡងមធ្យមសក្សាទុតិយភូមិ ហេតុនេះក្រសួងនៅតែរក្សាស្តង់ដាវិញ្ញាសាដដែល៕