សាយ សៀរ៉ា កំពុងមានកេរ្ដិ៍ឈ្មោះក្នុងវិស័យសិល្បៈ និងការស្លៀកពាក់តុបតែងខ្លួនរបស់លោកក៏មានភាពស្រស់សង្ហាផងដែរ។ ទោះយ៉ាងណាតារាសិល្បៈរូបនេះ បញ្ជាក់ថា ចំពោះការរៀបចំខ្លួននេះ គឺពុំបានចំណាយថវិកាច្រើនទេ។
ស្ទើរតែរាល់ពេលលោកសាយ សៀរ៉ា ស្លៀកពាក់ចូលរួមកម្មវិធីនានា មិនថាជាលក្ខណៈសាមញ្ញា ឬផ្លូវការនោះទេ លោកតែងមានការតុបតែងខ្លួនយ៉ាងសមសួនទៅនឹងរូបរាងរហូតមានការសន្និដ្ឋានថា សម្លៀកបំពាក់ដែលតារារូបនោះស្លៀកអាចជាម៉ាកដែលល្បី និងថ្លៃៗណាស់មើលទៅ។ តែផ្ទុយទៅវិញលោកសាយ សៀរ៉ា បានបញ្ជាក់ប្រាប់មកវិញថា បើប្រៀបធៀបទៅសង្គមបច្ចុប្បន្នប្រជាជនភាគច្រើនសុទ្ធតែមានការនិយមទៅលើសម្ភារម៉ាកល្បីៗ និងសម្រាប់លោកផ្ទាល់ក៏មានការស្រឡាញ់ពេញចិត្ដដូចគ្នា ប៉ុន្ដែលោកគិតថា ពេលខ្លះវាពុំចាំបាច់ឡើយ ព្រោះមិនប្រាកដថា សម្លៀកបំពាក់ម៉ាកល្បីៗទាំងនោះ ពេលស្លៀកពាក់ទៅ វាសមនឹងរូបរាងរបស់លោកនោះទេ។
សាយ សៀរ៉ា បញ្ជាក់ថា៖ «សម្រាប់ខ្ញុំសាមញ្ញបំផុត ទោះជាស្លៀកពាក់ចូលកម្មវិធីក៏ដោយ មិនចាំបាច់ចាយលុយលើសម្លៀកបំពាក់ម៉ាកល្បីៗទេ សំខាន់ឱ្យតែស្លៀកពាក់ទៅសមនឹងរូបរាង គឺខ្ញុំពេញចិត្ដណាស់ទៅហើយ»។ សាយ សៀរ៉ា បន្ថែមថា មិនមែនលោកមិនចង់ស្លៀកពាក់ខោអាវថ្លៃៗនោះទេ ប៉ុន្ដែពេលខ្លះលោកយល់ថា ដូចជាពុំចាំបាច់ឡើយ។ ប្រសិនបើកម្មវិធីតម្រូវខ្លាំង ឬចាំបាច់នោះយើងត្រូវតែចំណាយ តែឱ្យត្រូវពេលវេលា និងកាលៈទេសៈ។
តារាសម្ដែងរូបនេះប្រាប់បន្ដថា៖« មូលហេតុខ្ញុំគិតដូច្នេះព្រោះខ្ញុំរៀបផែនការទុក នឹងត្រូវធ្វើអ្វី ឬបង្កើតអ្វីមួយនៅពេលអនាគត ដូច្នេះការសន្សំប្រាក់ទុកឱ្យបានច្រើនវាជារឿងសំខាន់បំផុតនៅពេលយើងត្រូវការប្រើវា អ៊ីចឹងហើយទើបធ្វើឱ្យខ្ញុំមិនអាចចាយខ្ជះខ្ជាយបានទេ៕