តាមទំនៀមទម្លាប់របស់ការរៀបការតាំងពីសម័យបុរាណ មុននឹងមានពិធីមង្គលការឡើង ត្រូវតែមានការភ្ជាប់ពាក្យគ្នាជាទំនៀមទម្លាប់ជាមុនជានិច្ច ហើយទំនៀមទម្លាប់នេះក៏បានទទួលការបន្តធ្វើរហូតមកដល់ពេលបច្ចុប្បន្ន ទោះជាមានគូខ្លះអាចនឹងរំលងដំណាក់កាលនេះដើម្បីជាការសន្សំសំចៃថ្លៃចាយវាយក្ដី តែដឹងឬទេថា ការភ្ជាប់ពាក្យក៏មានចំណុចល្អច្រើនយ៉ាងដែរ ដូច្នេះយើងនាំគ្នាមកមើលពីប្រវត្តិថា តើហេតុអីទើបការភ្ជាប់ពាក្យមុនមានពិធីរៀបមង្គលការបានទទួលការអនុវត្តបន្តគ្នាមកក្លាយជាទំនៀមទម្លាប់តាំងពីសម័យបុរាណ?។
គោលបំណងក្នុងការភ្ជាប់ពាក្យ
ដោយសារតែកាលពីសម័យអតីតកាលនោះ ការរៀបចំពិធីមង្គលការច្រើនតែជាការរៀបចំដែលកើតឡើងពីអាណាព្យាបាលច្រើនជាងក្នុងការរកគូស្រករដែលល្អឱ្យទៅបុត្រភ្ងានោះ ទើបមានតិចគូណាស់ដែលបានជួបស្នេហ៍ដោយខ្លួនឯង។ ការធ្វើពិធីភ្ជាប់ពាក្យ គឺជានិមិត្តសញ្ញាម្យ៉ាងដើម្បីឱ្យខាងប្រុស និងខាងស្រីមានឱកាសបានសិក្សាមើលចិត្តមើលថ្លើមគ្នាជាមុនមួយខណៈពេលសិន និងជានិមិត្តសញ្ញាមួយប្រាប់ដល់បុរសស្រ្តីដទៃទៀតមិនឱ្យមកចូលជិតក្បែរបុរសស្រ្តីដែលបានភ្ជាប់ពាក្យគ្នាហើយនោះផង។ បើសិននៅមិនទាន់ច្បាស់ប្រាកដក្នុងចិត្ត ឬមិនត្រូវចិត្តអ្វីៗនោះ ក៏នឹងមានការផ្ដាច់ពាក្យគ្នាវិញក្នុងឱកាសតទៅទៀត តែបើសិក្សាមើលចិត្តថ្លើមគ្នាហើយ ឃើញថានឹងទៅជាមួយគ្នាបាននោះ ក៏នឹងបន្តដោយការដេញពេលារកមើលឫក្សពេលាល្អដើម្បីរៀបការក្នុងវារៈណាមួយដែលស័ក្តិសម។
ការភ្ជាប់ពាក្យ មានរយៈពេលយូរ ឬឆាប់ប៉ុនណា
បើសិនតាមអំណះអំណាងកាលពីអតីតកាល ច្រើនតែបញ្ជាក់ពីពេលវេលាភ្ជាប់ពាក្យក្នុងអំឡុងពេលប្រមាណជា 6 – 12ខែ ជាវេលាដែលស័ក្តិសមល្មមក្នុងការស្គាល់ចិត្តគ្នាទៅវិញទៅមក តែក្នុងបច្ចុប្បន្ននេះ គ្មានការកំណត់ឱ្យប្រាកដជាក់ថា រយៈពេលប៉ុនណាទេ។ គូខ្លះអាចនឹងភ្ជាប់ពាក្យដើម្បីជាការកក់ទុកជាមុន(ភ្ជាប់ពាក្យតាំងពីនៅជំទង់ៗ ហើយមករៀបការនៅពេលចាស់ហើយក៏មាន)លុះពេលវេលាកន្លងទៅ 3 – 5ឆ្នាំទើបរៀបការ។ តែបើគូខ្លះដែលប្រាកដជាក់ក្នុងចិត្តថា នឹងគ្មានបញ្ហាអ្វីក្រោយពេលរៀបអាពាហ៍ពិពាហ៍ហើយទេ ព្រោះបានសិក្សាមើលចិត្តថ្លើមគ្នាក្នុងអំឡុងពេលសេពគប់គ្នាមកយ៉ាងច្បាស់ប្រាកដល្អហើយនោះ ក៏អាចនឹងរៀបចំពិធីភ្ជាប់ពាក្យនៅពេលព្រឹក រួចហើយរៀបការនៅពេលរសៀលតែម្ដងក៏បាន ដែលនេះជាការបង្រួញដំណាក់កាលឱ្យខ្លី និងសន្សំថ្លៃចាយវាយបានច្រើនទៀតផង។
តើពិធីភ្ជាប់ពាក្យ ត្រូវធ្វើយ៉ាងណាខ្លះ?
ពិធីភ្ជាប់ពាក្យភាគច្រើន គឺច្រើនជាការឯកភាពគ្នារឿងថ្លៃទឹកដោះរបស់ចាស់ៗទាំងសងខាង រួមទាំងរឿងរបស់ផ្ទះសំបែង និងចំណុចឯកភាពគ្នាមួយចំនួនទៀតក្រោយពេលរៀបការហើយ(គូខ្លះរៀបការគ្នាដោយហេតុផលខាងធុរកិច្ច)។ នៅពេលគ្រប់យ៉ាងរួចរាល់រៀបរយ ក៏នឹងមានការលើកខាន់ស្លា ព្រមទាំងថ្លៃទឹកដោះ មាសប្រាក់ និងគ្រឿងបណ្ណាការដែលបានឯកភាពគ្នានោះទៅជូនដល់ផ្ទះខាងកូនក្រមុំ។ បន្ទាប់ពីនោះក៏ធ្វើពិធីបំពាក់ចិញ្ចៀនភ្ជាប់ពាក្យនៅចំពោះមុខសាក្សី ហើយទើបនាំយកភោជនាហារចេញមកជប់លៀងពិសាជាកិច្ចបញ្ចប់ពិធី និងអាចនឹងមានការជជែកនិយាយគ្នាម្ដងទៀតអំពីរឿងការរៀបចំពិធីមង្គលការនាពេលអនាគតដ៏ខ្លីខាងមុខ។
អាចនិយាយបានថា ជាកលឧបាយម្យ៉ាងនៅក្នុងអតីតកាលដែលសមហេតុសមផលបំផុត យ៉ាងហោចណាស់ក៏ការភ្ជាប់ពាក្យអាចរាប់បានថា ជាការបានសម្រេចចិត្តដ៏ច្បាស់លាស់មួយ និងជាការសាកសួរបេះដូងរបស់ខ្លួនឯងម្ដងទៀតថា តើបានត្រៀមខ្លួនជាស្រេចក្នុងការរស់នៅជាមួយអនាគតគូជីវិតហើយឬនៅ ហ្នឹងឯង៕