ជាលើកដំបូងហើយដែលក្រុមអ្នកវិទ្យាសាស្ត្របង្កើតបានឧបករណ៍មួយប្រភេទដែលអាចជួយឱ្យអ្នកពិការភ្នែកអាចមើលឃើញឡើងវិញ ហើយឧបករណ៍នេះនឹងត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងនៅលើមនុស្សនាពេលដ៏ខ្លីខាងមុខ។
ក្រោយការប្រឹងប្រែងសិក្សាស្រាវជ្រាវអស់រយៈពេលជាង10ឆ្នាំ ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ដ្រាលី បានអភិវឌ្ឍឧករណ៍អេឡិកត្រូនិកគ្មានខ្សែមួយប្រភេទ ដែលអាចដាំក្នុងលលាដ៍ក្បាលដើម្បីជួយឱ្យអ្នកងងឹតភ្នែក អាចមើលឃើញបាន។ លទ្ធផលនៃការសិក្សាស្រាវជ្រាវ និងការសាកល្បងត្រូវបានចុះផ្សាយនៅលើទំព័រទស្សនាវដ្ដី Neural Engineering កាលពីខែកក្កដាកន្លងទៅ។
មានមនុស្សជាច្រើនត្រូវពិការភ្នែកដោយសារតែសរសៃចក្ខុវិញ្ញាណត្រូវរងរបួស ហើយបញ្ហានេះបានរារាំងសញ្ញាដែលបញ្ជូនពីស្រទាប់ retina របស់ភ្នែក ទៅកាន់មជ្ឈមណ្ឌលចក្ខុវិញ្ញាណរបស់ខួរក្បាល។ ដើម្បីដោះស្រាយបញ្ហានេះ ប្រព័ន្ធចក្ខុវិញ្ញាណជីវសាស្ត្រដែលមានឈ្មោះថា Gennaris ត្រូវបានបង្កើតឡើង។ ប្រព័ន្ធនេះរួមមាន មួកពិសេសដែលមានកាមេរ៉ា និងប្រព័ន្ធបញ្ជូនទិន្នន័យគ្មានខ្សែ ប្រព័ន្ធចាត់ការរបស់ចក្ខុវិញ្ញាណ ផ្នែកទន់ រួមនឹងបន្ទះឧបករណ៍មួយដែលមានរាងបួនជ្រុង ទំហំ9×9មម ដែលត្រូវដាំជាប់នៅលើស្រោមខួរ។
បច្ចេកវិទ្យាខាងលើនេះបង្កើតបានជាគំរូចក្ខុ តាមរយៈការរួមផ្សំនៃពន្លឺទាំង172ចំណុច ការផ្ដល់ព័ត៌មានលក្ខណឯកជនដើម្បីកំណត់ទិសក្នុងផ្ទះ និងក្រៅផ្ទះ ទន្ទឹមនឹងនេះក៏អាចដឹងបានអំពីវត្តមានរបស់មនុស្ស និងវត្ថុនានាដែលនៅជុំវិញ។
ជាងនេះ ទិដ្ឋភាពពិតរបស់ពិភពលោកត្រូវបានកាមេរ៉ាដែលបំពាក់នៅលើមួកថតយក រួចបញ្ជូនទិន្នន័យនេះទៅកាន់ប្រព័ន្ធចាត់ការនៃចក្ខុវិញ្ញាណ។ ប្រព័ន្ធនេះ មានតួនាទីចម្រាញ់យកទិន្នន័យដែលមានប្រយោជន៍ជាងគេ។ ទិន្នន័យដែលត្រូវបានចម្រាញ់រួចហើយនឹងត្រូវបានបញ្ជូនទៅកាន់ឧបករណ៍ដែលបំពាន់នៅលើស្រោមខួរក្បាល។ ប្រការនេះនឹងប្រែក្លាយទិន្នន័យឱ្យទៅជាបន្ទុកអគ្គិសនីមួយប្រភេទដែលអាចរំញោចទៅលើប្រព័ន្ធខួរក្បាលតាមរយៈមីក្រូអេឡិកត្រូនិកដ៏សែនតូច។
សាស្ត្រាចារ្យ Lowery ដែលជាសមាជិកម្នាក់របស់ក្រុមអ្នកវិទ្យាសាស្ត្រខាងលើ បាននិយាយថា៖ “ឧបករណ៍ដែលដាំនៅលើស្រោមខួរក្បាល មានតួនាទីកែលម្អចក្ខុវិញ្ញាណសម្រាប់ក្រុមមនុស្សដែលពិការភ្នែក ដោយវិធីបញ្ជូនអគ្គិសនីទៅកាន់ស្រោមខួរផ្នែកចក្ខុវិញ្ញាណ ដែលជាកន្លែងទទួលនិងចាត់ការព័ត៌មានទាក់ទងនឹងរូបភាព”។
លទ្ធផលនៃការពិសោធរយៈពេលជាង2,700ម៉ោងទៅលើឧបករណ៍ខាងលើ បានបង្ហាញថា មិនមានផលវិបាកណាមួយកើតឡើងចំពោះសុខភាព ក៏ដូចជាចក្ខុវិញ្ញាណនោះទេ។
បណ្ឌិត Lewis សមាជិកម្នាក់ទៀតរបស់ក្រុមស្រាវជ្រាវនេះ ថ្លែងថា៖ “បើសិនជាជោគជ័យ ក្រុមរបស់យើងនឹងបង្កើតក្រុមហ៊ុនថ្មីមួយដែលផ្ដោតទៅលើសេវាកម្មផ្ដល់ចក្ខុវិញ្ញាណទៅឱ្យអ្នកពិការភ្នែកដែលមិនអាចព្យាបាលបាន”។
ក្រុមអ្នកវិទ្យាសាស្ត្រខាងលើ មានគម្រោងផលិតឧបករណ៍ដាំនៅលើស្រោមខួរនេះក្នុងបរិមាណចាំបាច់ ដើម្បីធ្វើការប្រើប្រាស់សាកល្បងនៅលើមនុស្សជាលើកដំបូងក្នុងពិភពលោក នៅឯទីក្រុង Melbourne៕
ប្រភព៖ Monash News