លោក Arsene Wenger អ្នកចាត់ការទូទៅរបស់ក្រុមកាំភ្លើងធំ Arsenal បានសម្តែងនូវការធូរស្រាលចិត្តជុំវិញការសម្រេចចិត្តរបស់ Olivier Giroud ក្នុងការបន្តនៅជាមួយក្លិប ក្រោយពីខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះបានជួយឲ្យក្រុមរបស់គេដណ្តើមបានជ័យជម្នះទាំងប្រផិតប្រផើយក្នុងលទ្ធផល 4-3 លើក្រុម Leicester City។
Giroud បានចូលលេងក្នុងនាមជាកីឡាករបម្រុងក្នុងពេលដែលក្រុម Arsenal កំពុងតែដេញតាមពីក្រោយ 3-2 ក្នុងការប្រកួតបើករដូវកាលនៅកីឡដ្ឋាន Emirates កាលពីថ្ងៃសុក្រ ហើយក្រោយពីមិត្តរួមក្រុមរបស់គេ Aaron Ramsey បានរកគ្រាប់បាល់តាមស្មើ រូបគេក៏បានរកគ្រាប់បាល់ឈ្នះនៅនាទីទី85តែម្តង។ ការចូលរួមរបស់ខ្សែប្រយុទ្ធ Alexandre Lacazette បានធ្វើឲ្យ Giroud កាន់តែបាត់បង់ឱកាសក្នុងជម្រើសទាំង11នាក់ដំបូងរបស់ក្រុម Arsenal ប៉ុន្តែក្រោយពីបានផ្តល់ឱកាសឲ្យខ្សែប្រយុទ្ធវ័យ30ឆ្នាំរូបនេះក្នុងការចាកចេញ លោក Wenger បានសម្តែងនូវការរំភើបយ៉ាងខ្លាំងដែលរូបគេបានសម្រេចចិត្តក្នុងការបន្តនៅជាមួយនឹងក្លិប។
លោក Wenger បានប្រាប់អ្នកយកព័ត៌មានថា៖ «វាពិតជាអស្ចារ្យណាស់។ ខ្ញុំបានបើកចំហទ្វារឲ្យរូបគេក្នុងដំណាក់កាលជាច្រើន ពីព្រោះខ្ញុំដឹងថា វាពិតជាសំខាន់ណាស់សម្រាប់រូបគេក្នុងការលេង ប៉ុន្តែខ្ញុំមិនចង់ឲ្យគេចាកចេញឡើយ»។ អ្នកចាត់ការទូទៅរូបនេះបានបន្ថែមទៀតថា៖ «រូបគេបានសម្រេចចិត្តក្នុងការបន្តនៅ ហើយវាជាថ្ងៃមួយក្នុងចំណោមថ្ងៃដ៏អស្ចារ្យបំផុតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះសម្រាប់ខ្ញុំ។ រូបគេពិតជាកីឡាករដ៏អស្ចារ្យ ប៉ុន្តែរូបគេមានបន្ទុកដ៏ធំមួយក្នុងក្រុមនេះ។ វាពិតជាធូរស្រាលសម្រាប់ខ្ញុំដែលរូបគេបានសម្រេចចិត្តក្នុងការបន្តនៅ»។
Lacazette ដែលបានផ្ទេរក្នុងតម្លៃខ្លួន46.5លានផោន (ស្មើនឹង60.3លានដុល្លារអាមេរិក) ពីក្លិប Lyon មកនោះ បានចាប់ផ្តើមយ៉ាងល្អនៅថ្ងៃនៃការបង្ហាញខ្លួនលើទឹកដីខ្លួនឯងជាលើកទី1របស់គេ តាមរយៈការជួយឲ្យក្រុម Arsenal មានគ្រាប់បាល់នាំមុខភ្លាមៗក្រោយពីលេងបានត្រឹមតែ85វិនាទី៕
ប្រភពពី៖ Sky Sport