ត្រកួនចិន ឬឈ្មោះខាងវិទ្យាសាស្រ្តហៅថា Ipomcea aquatica Forsk ជាបន្លែចេញត្រួយពេញមួយឆ្នាំ មានលក្ខណៈជាដើមត្រង់ៗពណ៌បៃតងខ្ចី មានផ្កាពណ៌ស កម្ពស់ដើមប្រមាណជា 40 – 50 សង់ទីម៉ែត្រ គេនិយមបរិភោគទាំងដើម និងស្លឹក ព្រោះជាបន្លែមានប្រយោជន៍ ថែមទាំងមានសារធាតុត្រជាក់ទៀតផង ទើបជាបន្លែដែលអាចជួយសម្រាលអាការក្ដៅក្នុងបានយ៉ាងល្អ។ បន្លែត្រកួនមានច្រើនពូជណាស់ តែសម្រាប់នៅក្នុងប្រទេសយើងវិញ គេនិយមដាំ “ត្រកួនចិន”។
គ្រប់ចំណែករបស់ដើមត្រកួនចិនអាចយកមកចម្អិនធ្វើជាម្ហូបអាហារដើម្បីទទួលទានបានច្រើនមុខច្រើនយ៉ាងណាស់ តាំងពីបរិភោគត្រួយខ្ចីៗស្រស់ៗឆៅៗ ឬស្រុសធ្វើជាអន្លក់ ឆា ស្លម្ជូរ -ល- ទើបអាចនិយាយបានថា ត្រកួនចិន គឺជាបន្លែចម្ការក្នុងផ្ទះដ៏ពេញនិយមដែលងាយស្រួលដាំ និងអាចបេះយកមកធ្វើជាអាហារបានពេញមួយឆ្នាំ។
ការដាំ
. ការត្រៀមដី ៈ ភ្ជួរដាស់ដីជម្រៅប្រមាណ 30 – 40 សង់ទីម៉ែត្រ រួចហាលទុកចោល 1 – 2 អាទិត្យ បន្ទាប់មកដាក់ជីលាមកគោ ឬជីធម្មជាតិ រួចរាស់ច្របល់ឱ្យចូលគ្នាជាមួយដី ហើយលើកជារងទទឹងទំហំ 1,5 – 2 ម៉ែត្រ កម្ពស់ប្រមាណ 10 – 15 សង់ទីម៉ែត្រ ដោយទុកចន្លោះពីរងមួយទៅរងមួយទទឹង 30 – 40 សង់ទីម៉ែត្រ។ ព្យាយាមកៀរដីខាងលើរងឱ្យរាបស្មើគ្នា ដើម្បីឱ្យដើមត្រកួនបានលូតលាស់ឡើងស្ថិតក្នុងកម្ពស់ស្មើៗគ្នាទាំងអស់។ បើដីមានជាតិអាស៊ីតច្រើន ចូរដាក់ម្សៅកំបោរសចូលទៅដើម្បីកែសម្រួលសភាពដីឱ្យល្អឡើងវិញបន្តិច។
. វិធីដាក់ដាំ ៈ យកគ្រាប់ពូជត្រកួនចិនទៅត្រាំទឹកក្ដៅឧណ្ហៗ ជ្រើសរើសស្រង់គ្រាប់ណាដែលអណ្ដែតទឹកចេញ រួចហើយយកគ្រាប់ពូជដែលលិចក្នុងទឹកមកដាក់ត្រាំបន្តរយៈពេល 12 ម៉ោងទៀត បន្ទាប់មកសឹមយកគ្រាប់ពូជទាំងនោះទៅព្រោះនៅលើរង ឬក៏រោយជាជួរៗក៏បាន ដោយទុកចន្លោះកណ្ដាលពីជួរនីមួយៗប្រមាណ 1.5 សង់ទីម៉ែត្រ។ បន្ទាប់ពីនោះ ទើបរោយលុបពីលើស្ដើងៗដោយជីលាមកគោ ឬជីធម្មជាតិ ព្រមទាំងគ្របពីលើដោយចំបើងស្ងួតៗមួយជាន់ទៀត មុននឹងស្រោចទឹកព្រមជាមួយទឹកជីធម្មជាតិសរីរាង្គពីលើ។ ប្រមាណជា 2 – 3 ថ្ងៃ កូនត្រកួននឹងចាប់ផ្ដើមលាស់ចេញមក ហើយរីកធំធាត់លូតលាស់ឡើងយ៉ាងឆាប់រហ័សរហូតដល់ពេលប្រមូលផល។
វិធីមើលថែទាំ
. ការស្រោចទឹក ៈ ត្រកួនចិនជាបន្លែដែលចូលចិត្តដីត្រជាក់សើម តែមិនដក់ទឹកប៉ប៉ិចប៉ប៉ាច់។ ត្រូវស្រោចទឹកឱ្យបានជាប់លាប់ មួយថ្ងៃ 1 – 2 ដង តែត្រូវផ្អាកចន្លោះថ្ងៃណាដែលមានភ្លៀងធ្លាក់។
. ការដាក់ជី ៈ ចូរដាក់ជីធម្មជាតិសរីរាង្គរៀងរាល់ 7 – 10 ថ្ងៃម្ដង ព្រមទាំងស្រោចទឹកលាយទឹកជីធម្មជាតិសរីរាង្គបន្ថែមពីលើការដាក់ជីមួយជាន់ទៀត ឬចង់ជ្រើសរើសប្រើជីរូបមន្ត 25-7-7 ដោយអាចដាក់ស្ដើងៗដើម្បីជំរុញការរីកចម្រើនធំធាត់ថែមទៀតក៏បាន។
. ការការពារ និងកម្ចាត់សត្រូវដំណាំ ៈ បើឃើញថា មានការរាតត្បាតដោយមេរោគ និងសត្វល្អិតសត្រូវដំណាំ ចូរប្រើទឹកថ្នាំដែលចម្រាញ់ពីសម្បក ឬស្លឹកស្ដៅ ម្រេច និងថ្នាំជក់ លាយជាមួយទឹកបាញ់ពីលើដើមត្រកួនមួយថ្ងៃម្ដង នៅពេលល្ងាចៗ។
វិធីប្រមូលផល
ក្រោយពីព្រោះគ្រាប់ពូជត្រកួនចិននៅលើរងបានប្រមាណជា 20 – 25 ថ្ងៃរួចមក គេអាចធ្វើការប្រមូលផលដោយធ្វើការដកឡើងទាំងឫស តែមុននឹងធ្វើការប្រមូលផល ចូរស្រោចទឹកឱ្យសើមជោកជាមុនសិនដើម្បីឱ្យងាយស្រួលក្នុងការដក និងធ្វើឱ្យដើមត្រកួននៅស្រស់ល្អ មិនបែកជាំ៕