ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពីការអនុវត្តភារកិច្ចរបស់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងការដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 21 ខែធ្នូ ឆ្នាំ2020នេះ។
ដើម្បីឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនប្រព្រឹត្តទៅក្នុងភាពប្រក្រតី មានសណ្តាប់ធ្នាប់របៀបរៀបរយល្អ ពិសេសធានាបានគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានផ្សេងៗ ក្រសួងបានណែនាំឱ្យអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទាំងអស់ សម្រួលដល់ដំណើរការមុនពេលប្រឡង និងរៀបចំឱ្យមានការយកចិត្តទុកដាក់ខ្លាំងលើការការពារវិញ្ញាសារប្រឡង។
ក្រសួងក៏បានណែនាំផងដែរឱ្យមានការសហការល្អជាមួយមន្ត្រីអប់រំ ក្នុងការការពារសុវត្ថិភាពក្នុងពេលប្រឡង និងយកចិត្តទុកដាក់ចំពោះបេក្ខជនប្រឡងទាំងអស់ឱ្យមានសុវត្ថិភាព និងមានភាពងាយស្រួលក្នុងការទៅចូលរួមប្រឡង។ បន្ថែមពីលើនេះ ការដឹកជញ្ជូន និងការការពារសំណៅឯកសារប្រឡងគឺត្រូវធ្វើឱ្យបានហ្មត់ចត់ចាប់តាំងពីពេលមុនប្រឡង ពេលប្រឡង និងពេលដឹកជញ្ជូនទៅកាន់មណ្ឌលកំណែរ៕