ជារឿងចាស់មួយដែលធ្លាប់ល្បីតាំងពីឆ្នាំ 2016 អំពីរថយន្តដ៏ទំនើបតម្លៃកប់ពពករបស់លោកឧកញ៉ា ហ៊ុន តូ ប៉ុន្តែយើងចង់រំឭកវាម្ដងទៀត ខណៈកាលពីម្សិលមិញនេះ កម្ពុជាកំពុងល្បីល្បាញរឿងរថយន្ត McLaren 720S ដែលមានតែមួយគ្រឿងគត់ក្នុងទីផ្សារអាស៊ានដែលធ្លាប់បង្ហាញវត្តមានរួចមកហើយក្នុងរាជធានីភ្នំពេញ និងដែលវាជារថយន្តមកពីក្រុមហ៊ុនរបស់អង់គ្លេសតែមួយដូចគ្នា។
កាលពីឆ្នាំទៅ រូបភាពលោកឧកញ៉ា ហ៊ុន តូ ជាមួយនឹងថយន្តស្ព័រដ៏ប្រណីតបានបង្កនូវការចាប់អារម្មណ៍ដល់អ្នកប្រើប្រាស់បណ្ដាញសង្គម និងពលរដ្ឋរស់នៅរាជធានីភ្នំពេញ។ រថយន្តដែលលោកឧកញ៉ាជិះមានឈ្មោះថា McLaren P1 ជារថយន្តស្ព័រស៊េរីទំនើបកូនកាត់ ដែលផលិតឡើងដោយក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស McLaren Automotive និងត្រូវបានបង្ហាញខ្លួនដំបូងបំផុតនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្តនៅក្នុងទីក្រុងប៉ារីស កាលពីឆ្នាំ2012 ហើយត្រូវបានដាក់ចេញលក់ជាផ្លូវការនៅខែតុលា ឆ្នាំ2013 នៅចក្រភពអង់គ្លេស និងលក់ដាច់អស់គ្មានសល់មួយគ្រឿងជាមួយនឹងតម្លៃដើម 1.3 លានដុល្លារអាមេរិក។
P1 ប្រើម៉ាស៊ីនកូនកាត់ (Hybrid) ដំបូងគេរបស់ក្រុមហ៊ុន McLaren ការរចនាម៉ូដរបស់វា ក្រុមវិស្វករបានសម្រិតសម្រាំងតួគ្រោងជាប្រភេទរថយន្តស្ព័រ 2 ដែលបំពាក់ម៉ាស៊ីននៅចំពាក់កណ្តាលនៃតួគ្រោងរថយន្តផ្នែកខាងក្រោយ។ រថយន្តនេះមានកម្លាំង 3.8 លីត្រ ប្រភេទ Turbo ភ្លោះ ម៉ាស៊ីន V8 ដែលផ្តល់កម្លាំងថាមពល 890 សេះ និងកម្លាំងរមួល 978 ញូវតុនម៉ែត្រ ហើយមានល្បឿនជាន់ពី 0-100 kmh ប្រើពេលត្រឹមតែ2.8 វិនាទីប៉ុណ្ណោះ ។ តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ កម្ពុជាជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសក្នុងពិភពលោក ដូចជាតំបន់អាមេរិក អាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា ដែលមានវត្ថមានរថយន្តប្រភេទនេះដែរ ខណៈក្រុមហ៊ុនផលិតឡើងមានចំនួនកំណត់ត្រឹមតែ 375 គ្រឿងប៉ុណ្ណោះ៕
ចុចអានអត្ថបទ៖ WoW! ក្នុងតំបន់អាស៊ាន មានរថយន្តនេះតែមួយគ្រឿងគត់ គឺក្នុងស្រុកខ្មែរ
McLaren 720S