ខាងក្រោមនេះជាចំណុចល្អៗរបស់ការរៀបការដែលក្រមុំៗនៅលីវទាំងឡាយគួរតែដឹង ព្រោះការរៀបមង្គលការបានផ្ដល់នូវអ្វីៗច្រើនជាងយើងនឹកគិតទៅទៀត។ មិនប្រាកដដែរ នៅពេលបានអានហើយ វាអាចនឹងធ្វើឱ្យរូបអ្នកហ៊ានបើកបេះដូងទទួលយកអ្នកកម្លោះណាម្នាក់មកសិក្សាចិត្តគ្នាក៏អាចថាបានដែរណា៎(ហេសៗ)។
ការរៀបអាពាហ៍ពិពាហ៍គឺជាក្ដីស្រមៃមួយរបស់មនុស្សជាច្រើន ជាពិសេសបំផុតក្រមុំៗដែលចង់ស្លៀកឈុតរៀបការស្អាតៗ ហ៊ុមព័ទ្ធដោយអ្នកកំដរកូនក្រមុំដ៏គួរឱ្យស្រឡាញ់ ព្រមទាំងបានបោះបាច់ផ្កាឱ្យក្រមុំៗដទៃទៀតបានផ្សងសំណាងទៀតផង។ ទាំងអស់នេះគឺជាទិដ្ឋភាពនៃការរៀបអាពាហ៍ពិពាហ៍ក្នុងឧត្ដមគតិដែលមនុស្សជាច្រើនសុទ្ធតែនឹកស្រមៃ រហូតធ្វើឱ្យក្រមុំៗយើងទាំងឡាយលែងគិតចង់នៅម្នាក់ឯងតទៅទៀត។ ឥឡូវយើងនាំគ្នាមកមើលថា តើចំណុចល្អៗដែលបានមកពីការរៀបការនោះមានអ្វីខ្លះ? ព្រោះជីវិតរបស់អ្នកនឹងផ្លាស់ប្ដូរពីបាតដៃទៅជាខ្នងដៃបានយ៉ាងស្រស់ថ្លាភ្លាមៗតែម្ដង បើអ្នកបានជួបស្នេហ៍ជាមួយអ្នកកម្លោះជាទីស្នេហាណាម្នាក់ដែលត្រៀមខ្លួនជាស្រេចក្នុងការសុំអ្នករៀបការនោះ(អ៊ឺហ៊ឺ…)។
1 . ធ្វើអ្វីដែលប្រថុយប្រថានតិចជាងមុន
គេនាំគ្នានិយាយថា មនុស្សដែលរៀបការហើយ នៅពេលធ្វើអ្វីក៏ដោយនឹងនឹកដល់សុវត្ថិភាពខ្លួនឯងជាចម្បង ព្រោះគិតថា បើសិនជាខ្លួនឯងកើតអីទៅ អ្នកនៅខាងក្រោយនឹងទៅជាយ៉ាងណា? នោះទើបធ្វើឱ្យអ្នកត្រូវតែបង្កើនភាពប្រយ័ត្នប្រយែងក្នុងជីវិតកាន់តែច្រើនឡើងទៀត។ ពីធ្លាប់តែចិត្តក្ដៅដូចភ្លើង មកចិត្តត្រជាក់ច្រើនឡើង ទើបមិនមែនជារឿងប្លែកឡើយដែលថា ហេតុអីបានអ្នកមានគូហើយគេងាកមកយកចិត្តទុកដាក់រឿងសុខភាពខ្លួនឯងនោះ ដោយសារគេចង់មានសេចក្ដីសុខក្នុងការរស់នៅរួមជាមួយមនុស្សដែលគេស្រឡាញ់នោះឱ្យបានយូរអង្វែងហ្នឹងឯង។
2 . ក្រុមគ្រួសារសប្បាយចិត្ត
នារីៗយើងជាច្រើនអាចមានកង្វល់ថា នៅពេលរៀបការហើយ ឪពុកម្ដាយនឹងរឹតតែរញ៉ាំរញូវជាមួយអ្នកច្រើនជាងមុន តែនៅក្នុងសភាពពិតវិញ…ក្រុមគ្រួសារនឹងមករវីរវល់ជាមួយអ្នកកាន់តែតិចទៅយ៉ាងសង្កេតឃើញច្បាស់តែម្ដង នោះក៏ព្រោះតែគេមើលឃើញថា អ្នកមានគ្រួសារប្ដីសីរួចហើយ និងជឿថាអ្នកមានចំណេះដឹងច្រើនគ្រប់គ្រាន់ក្នុងការចាត់ការ និងដោះស្រាយបញ្ហាផ្សេងៗបានហើយ
និងថែមអ្នកនៅចាំមើលថែទាំរូបអ្នកទៀតផង។ ពីពេលនេះទៅ អ្នកក៏លែងចាំបាច់មកស្ដាប់លោកប៉ាអ្នកម៉ាក់របស់អ្នករអ៊ូរឿងអ្នកត្រឡប់មកផ្ទះវិញយប់ជ្រៅ ឬដើរលេងយប់ទៀតដែរ(តែអាចជាគូជីវិតរបស់អ្នកជាអ្នករអ៊ូជំនួសវិញ)។
3 . ទស្សនគតិផ្លាស់ប្ដូរ
ព្រោះការរៀបការនឹងមកព្រមជាមួយតួនាទីការទទួលខុសត្រូវទាំងក្នុងឋានៈស្វាមី-ភរិយា ឪពុក-ម្ដាយ ធ្វើឱ្យជីវិតបានដឹងពីគោលដៅកាន់តែច្បាស់លាស់ឡើង គិតអ្វីល្អិតល្អន់ឡើង ចង់ចាយវាយអីក៏ប្រយ័ត្ន រៀនយល់ដឹងក្នុងការលះបង់ និងស្គាល់ពីការសម្រុះសម្រួល។ ទាំងអស់នេះនឹងហាត់ពត់លត់ដំទស្សនគតិរបស់អ្នកជាបណ្ដើរៗ ពីរយៈដំបូងៗដែលមើលទៅហាក់ដូចជាមិនសូវជាស៊ីចង្វាក់គ្នា រហូតដល់កើតភាពស៊ាំធ្លាប់នៅពេលៗវេលាកន្លងទៅ។
4 . មានអ្នកចែករំលែកអារម្មណ៍ទៅជាមួយគ្នា
អ្នកអាចនឹងធ្លាប់គិតថា មានត្រឹមតែឪពុកម្ដាយបងប្អូន និងមិត្តភ័ក្ដិក៏គ្រប់គ្រាន់សម្រាប់ឱ្យអ្នកចែករំលែកអារម្មណ៍ល្អ និងមិនល្អទៅជាមួយគ្នាបានហើយ…តែ ក៏មិនមែនទាំងអស់ដែរចា៎ស!។ ប្រាកដណាស់ថា ការមានជីវិតគូដែលល្អនឹងជួយឱ្យអ្នកឆ្លងផុតឧបសគ្គផ្សេងៗបាន មានអ្នកនៅចាំផ្ដល់កម្លាំងចិត្តពេលអ្នកអស់សង្ឃឹម និងនឿយហត់ ជាមិត្តជួយគិត ជួយសម្រាលបន្ទុកមុខងារផ្សេងៗ និងដែលសំខាន់គឺ ចែករំលែកទុក្ខ និងសុខព្រមជាមួយរូបអ្នក។
5 . សាងអត្ថន័យដល់ជីវិត
“ប្រញាប់ត្រឡប់ទៅផ្ទះធ្វើអី?” “ធ្វើការរកលុយដើម្បីអី?” “ពេលយប់ នៅសុខៗស្រាប់តែមានអារម្មណ៍អផ្សុក” ឬ “ទំនេរៗ មិនដឹងជាធ្វើអី?”។ ប្រយោគទាំងអស់នេះប្រហែលជាធ្លាប់កើតឡើងនៅក្នុងអំឡុងជីវិតនៅលីវរបស់មនុស្សជាច្រើន តែបើអ្នកបានរៀបការរួចហើយនោះ អ្នកគ្រូ ឆវីសូមប្រាប់ទៅចុះថា ប្រយោគទាំងអស់នោះនឹងបាត់អស់បន្តិចម្ដងៗជាមិនខាន។ ការរៀបការនឹងក្លាយជាអ្វីមួយដែលចូលមកបំពេញបន្ថែមជីវិតរបស់អ្នកឱ្យរឹតតែមានអត្ថន័យខ្លាំងឡើង និងធ្វើឱ្យអ្នកបានដឹងថា អ្នកមានជីវិតដើម្បីអ្វី និងដើម្បីអ្នកណា។
ការពិតទៅ ការរៀបអាពាហ៍ពិពាហ៍ក៏មិនមែនមានតែចំណុចល្អទាំងអស់នោះដែរ ព្រោះអ្វីៗគ្រប់យ៉ាងនៅលើពិភពលោកនេះ សុទ្ធតែមានចំណុចល្អ និងចំណុចអាក្រក់នៅក្នុងនោះទាំងអស់ តែយ៉ាងហោចណាស់ក៏អ្នកមានមនុស្សម្នាក់នៅក្បែរ ដែលត្រៀមខ្លួនជាស្រេចក្នុងការកែសម្រួល និងកែខៃចំណុចមិនល្អទៅជាមួយនឹងរូបអ្នកដែរ។ ងាកមកបើកបេះដូងទទួលយកនរណាម្នាក់ឱ្យចូលមកសាក-លមើល៍…ជួនកាលអាចនឹងជួបអ្នកដែលគេស្រឡាញ់យើងពិត ហើយមនុស្សម្នាក់នោះក៏ព្រមនឹងជួយផ្លាស់ប្ដូរជីវិតយើងជាថ្មីក៏អាចថាបានដែរណា៎…៕