ភ្នំពេញៈ ផ្សារទំនើបតម្លៃ 80លានដុល្លារ កម្ពស់ 8ជាន់ស្ថិតនៅក្នុងគម្រោងOlympia Plaza នឹងបើកឲ្យអាជីវករចាប់ផ្តើមជួលស្តង់នៅចុងឆ្នាំនេះហើយ ដើម្បីឈានទៅការបើកដំណើរការជាផ្លូវការនៅចុងឆ្នាំ 2018ខាងមុខ។
លោក ម៉េង ចំរើន ប្រធានគម្រោង Olympia Plaza បានថ្លែងថា ការសាងសង់ផ្សារទំនើបកម្ពស់ 8ជាន់ និង3ជាន់ជាចំណតយានយន្តក្រោមដីនឹងបញ្ចប់នៅចុងឆ្នាំនេះនៅសល់តែការរចនាផ្នែកខាងក្នុងផ្សារប៉ុណ្ណោះ។ ទន្ទឹមនឹងនេះក្រុមហ៊ុនក៏នឹងបើកឲ្យអាជីវករជួលតូបក្នុងផ្សារនៅពេលចុងឆ្នាំនេះផងដែរ និងរំពឹងបើកផ្សារតំណាក់កាលដំបូងនៅឆ្នាំ2018 និងតំណាក់កាលទី2អាចនឹងបើកនៅពេលក្រោយ។ លោកបន្តថា ផ្សារនេះនឹងមានស្ពានតភ្ជាប់ពីអគារទាំង4 ក្នុងគម្រោងនេះដើម្បីផ្តល់ភាពងាយស្រួលដល់អ្នករស់នៅក្នុងគម្រោងនេះក្នុងការដើរទិញទំនិញ ក៏ដូចជាការកម្សាន្តផងដែរ។
លោកបន្តថា “តំណាក់កាលដំបូងនៃផ្សារនេះនឹងមានទំហំ 12,000ម៉ែត្រការ៉េ និងតំណាក់កាលទី2មានទំហំជាង3ម៉ឺនម៉ែត្រការ៉េ ពោលទំហំផ្សារនេះគឺមានទំហំសរុបប្រមាណ5ម៉ឺនម៉ែត្រការ៉េ។ លោកបន្តថា “ចំណតយានយន្តក្រោមដីចំនួន3ជាន់នឹងអាចចតយានយន្តបានចំនួនជាង3ពាន់គ្រឿង និងមានចំណតម៉ូតូផងដែរ។
លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC ដែលវិនិយោគលើផ្សារទំនើបនេះបានថ្លែងថា ផ្សារទំនើបនេះបោះទុនវិនិយោគប្រមាណ 80 លានដុល្លារអាមេរិក ព្រោះវាជាគម្រោងធំមួយ និងជាផ្សារធំមួយដែលរៀបចំឡើងតាមស្តង់ដារអន្តរជាតិ។ លោកបន្តថា គម្រោង Olympia City ជាគម្រោងដ៏ធំមួយដែលបាននិងកំពុងទទួលជោគជ័យ ដោយសារការលក់របស់យើងបាននិងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង។
លោកបន្តថា “យើងជឿថា ផ្សារនេះនឹងទទួលបានជោគជ័យនៅពេលដំណើរការ ដោយសារទីតាំងរបស់ផ្សារនេះស្ថិតនៅចំកណ្តាលក្រុងដែលមានសកម្មភាពសេដ្ឋកិច្ចរស់រវើក និងដោយសារកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋដែលនៅតែបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ”៕