ការប្រកួតពានរង្វាន់លីកបាល់ទាត់នារី (Cambodian Women’s League) រដូវកាល2020 នឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី27 ខែកញ្ញា ដល់ថ្ងៃទី20 ខែធ្នូ ឆ្នាំ2020 ដោយប្រើប្រាស់រូបមន្តប្រកួត ជាលក្ខណៈលីកវិលជុំ តែ 1ជើងប៉ុណ្ណោះ ដោយមានក្រុមខ្លះ អាចនឹងធ្វើម្ចាស់ផ្ទះ 4ដង ឬ 5ដង តាមការចាប់ឆ្នោតដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ដោយមានក្រុមបាល់ទាត់នារី ចូលរូមចំនួន 10ក្រុម ក្នុងនោះមានក្រុមសមាជិកលីកកំពូលកម្ពុជាចំនួន4 រួមមានក្រុមបាល់ទាត់នារីបឹងកេត, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន និងក្រុមបាល់ទាត់នារីកងយោធពលខេមរភូមិន្ទ។ រីឯ 6ក្រុមផ្សេងទៀត រួមមានខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ-ណាហ្គាវើលដ៏, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តបាត់ដំបង និងខេត្តសៀមរាប ។
ចំពោះគោលបំណងក្នុងការបង្កើតជាការប្រកួតលីកនេះឡើង គឺដើម្បីចម្រាញ់យកកីឡាការិនី ដែលមានសមត្ថភាពតំណាងឱ្យកម្ពុជា ទៅប្រកួតស៊ីហ្គេមនៅឆ្នាំ2021 ដើម្បីត្រៀមខ្លួនដណ្តើមមេដាយនៅស៊ីហ្គេមឆ្នាំ2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕