បន្ទាប់ពីមានការរឹតបន្តឹងការប្រឡងមធ្យមសិក្សាទុតិយភូមិ ក្រសួងអប់រំ យុវជន និងកីឡាតែងតែសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយដើម្បីជ្រើសរើសអ្នកសង្កេតការណ៍ចំពោះរាល់ការប្រឡង។ អ្នកសង្កេតការណ៍ការប្រឡងទាំងអស់នោះ មានភារកិច្ចសំខាន់ៗដូចជា៖
– សង្កេតមើលស្ថានភាពជុំវិញមណ្ឌលប្រឡង ច្រកចេញ-ចូលមណ្ឌលទ្វារចូលបន្ទប់ពេលអនុរក្សកំពុងហៅឈ្មោះសិស្សចូលបន្ទប់ប្រឡង រួមទាំងមើលជុំវិញបរិវេណប្រឡង និងក្នុងបន្ទប់ប្រឡង។
– អ្នកសង្កេតការណ៍មានសិទ្ធិឈរនៅក្រៅបន្ទប់ ហើយមើលទៅក្នុងបន្ទប់ប្រឡងតាមរយៈទ្វារ និងបង្អួចដើម្បីមើលពីដំណើរការនៃសំណេរ។
– អ្នកសង្កេតការណ៍មានសិទ្ធិមើលការបើកហិប និងកញ្ចាប់វិញ្ញាសា។
– រាយការណ៍ជាបន្ទាន់ និងជាបន្តបន្ទាប់ជាសាធារណៈពីដំណើរការប្រឡងទៅអង្គភាពប្រឆាំងអំពើពុករលួយដោយមិនលាក់លៀម។
– អ្នកសង្កេតការណ៍ស្ម័គ្រចិត្តដែលមកពីសមាគម សង្គមស៊ីវិល វិស័យឯកជន ក្រុម និងបុគ្គលឯកជនត្រូវសហការឱ្យបានល្អ និងមានប្រសិទ្ធភាពព្រមទាំងធ្វើរបាយការណ៍បូកសរុបពីដំណើរការប្រឡងតាមទស្សនៈយល់ឃើញរបស់ខ្លួនទៅមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។
ចំណុចទាំងអស់នេះជាអ្វីដែលអ្នកសង្កេតការណ៍សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិអាចធ្វើបានដើម្បីរួមចំណែកជួយដល់វិស័យអប់រំ និងលុបបំបាត់អំពើពុករលួយនៅក្នុងការប្រឡង៕