កីឡាករខ្សែបម្រើស្លាប Arjen Robben សញ្ជាតិហូឡង់ បានប្រកាសវិលត្រឡប់ មកទីលានបាល់ទាត់វិញសាជាថ្មីហើយ បន្ទាប់ពីចូលនិវត្តន៍បានប្រហែល 1ឆ្នាំ ក្រោយចាកចេញពីក្លិប Bayern Munich។
ក្នុងការវិលត្រឡប់មកវិញនេះ កីឡាករខាងលើត្រូវបានគ្រូបង្វឹករបស់ខ្លួន ដាក់ឱ្យលេងនៅក្នុងជម្រើស 11នាក់ដំបូងភ្លាមៗតែម្តង តែជាអកុសលកីឡាករវ័យ 36ឆ្នាំរូបនេះ បែរជារងរបួសភ្លាមៗតែម្ដងដែរ នៅនាទីទី28 ដែលតម្រូវឱ្យរូបគេ ត្រូវចាកចេញពីទីលានភ្លាមៗដូចគ្នា ដោយសារតែមានរបួសធ្ងន់ធ្ងរ មិនអាចបន្តលេងបាន ហើយអាចនឹងត្រូវសម្រាកព្យាបាលរយៈពេលយូរទៀតផង។
នៅចំពោះមុខអ្នកគាំទ្រដែលចូលមើលជាង 6ពាន់នាក់ ដែលកំពុងរីករាយនឹងការវិលត្រឡប់មកវិញរបស់គេ Robben ស្រាប់តែត្រូវរងរបួសសាច់ដុំ ហើយត្រូវបានផ្លាស់ចេញតែម្ដង។ ក្នុងជំនួបលើកដំបូងក្នុងក្របខ័ណ្ឌលីកកំពូលហូឡង់នេះ ក្លិបរបស់ Robben បានចាញ់ក្លិប PSV ក្នុងលទ្ធផល 3-1។