ភ្នំពេញ៖ ទំហំពាណិជ្ជកម្មនាំចេញនាំចូលរវាងកម្ពុជា និងសហរដ្ឋអាមេរិកក្នុងរយៈពេល6ខែ ឆមាសទី1ដើមឆ្នាំ 2017កន្លងមកមានតម្លៃរហូតដល់ 1.54ពាន់លានដុល្លារ ដោយបានកើនឡើងប្រមាណជា14% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2016។ ចំណែកនៅក្នុងរយៈពេលពេញមួយឆ្នាំ2016 ទំហំពាណិជ្ជកម្មមានចំនួន 3.2 ពាន់លានដុល្លារសហរដ្ឋអាមេរិកថយចុះ 7,32% ក្នុងឆ្នាំ 2015។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាៈ ការវិនិយោគផ្ទាល់ពីបរទេសរបស់សហរដ្ឋអាមេរិកក្នុងកម្ពុជាមានចំនួនប្រហែល 14,557,672 ដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ 2014។ សហរដ្ឋអាមេរិក គឺជាទីផ្សារធំបំផុតទី2របស់ប្រទេសកម្ពុជាសម្រាប់ការនាំចេញសម្លៀកបំពាក់ ស្បែកជើង វាយនភណ្ឌ អង្ករ គ្រឿងសង្ហារិម សម្ភារក្មេងលេង ជ័រ កៅស៊ូ ផលិតផលធញ្ញជាតិ សេរ៉ាមិក ឈើ និងសត្វនៅរស់ និងចំណីសត្វជាដើម។
របាយការណ៍ដដែលបានបង្ហាញថា ការនាំចេញចម្បងរបស់សហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជាមានដូចជា យានយន្ត គ្រឿងម៉ាស៊ីន ឧបករណ៍វេជ្ជសាស្ត្រ និងអគ្គិសនី វាយនភណ្ឌ ក្រដាស ផ្លែឈើ និងធញ្ញជាតិជាដើម។ កិច្ចព្រមព្រៀងក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលបានចុះហត្ថលេខានៅថ្ងៃទី 14 ខែកក្កដា ឆ្នាំ2006 គឺជាកិច្ចសន្ទនាទ្វេភាគីសំខាន់រវាងរដ្ឋាភិបាលទាំងពីរ ដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចសន្យាទាំងនោះ និងបញ្ហាទាក់ទងនឹងការវិនិយោគ និងពាណិជ្ជកម្មផ្សេងៗទៀត។
ដើម្បីពង្រឹងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរឡើង កាលពី08 សីហាកន្លងទៅនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានដឹកនាំប្រតិភូជួបពិភាក្សាជាមួយឧបការីតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោកស្រី Barbara Weisel នៅសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីសកម្មភាពយុទ្ធសាស្ត្រក្រោមរដ្ឋបាលថ្មីដើម្បីពង្រីក និងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងប្រទេសទាំង2។ ហើយអាមេរិកសន្យាថា នឹងជួយពង្រឹងការងារពាណិជ្ជកម្មកម្ពុជាឱ្យមានភាពប្រសើរឡើង ដោយគណៈប្រតិភូកម្ពុជា និងសហរដ្ឋអាមេរិកបានពិនិត្យឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្នរបស់ប្រទេសកម្ពុជា ធ្វើឲ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្ម ការងារនិងពលកម្ម ការការពារកម្មសិទ្ធិបញ្ញា និងបង្កើនការទាក់ទាញ និងការប្រកួតប្រជែងពាណិជ្ជកម្មក្នុងវិស័យតែមួយ និងបរិយាកាសវិនិយោគ៕