ភ្នំពេញ៖ បច្ចុប្បន្នគេសង្កេតឃើញថា រូបិយប័ណ្ណបរទេសកំពុងចរាចរយ៉ាងផុលផុសនៅលើទីផ្សារកម្ពុជាពិសេសនៅតាមព្រំដែនថៃគេនិយមចាយលុយបាត ហើយនៅតាមព្រំដែនវៀតណាមគេនិយមចាយលុយដុងទៀតផងដែលធ្វើឱ្យប្រាក់រៀលខ្មែរកាន់តែថយឥទ្ធិពលប៉ុន្តែយ៉ាងណាក្តីបច្ចុប្បន្នប្រាក់រៀលខ្មែរដែលជារូបិយវត្ថុជាតិបានពង្រីកខ្លួនទៅដល់ប្រទេសចិនហើយ។ ថ្មីៗនេះលោកស្រី Yang Zhengdong អគ្គនាយិការងសាខាធនាគារកណ្តាលចិនបានដឹកនាំប្រតិភូមកធ្វើទស្សកិច្ចនៅកម្ពុជា និងពិភាក្សាការងារជាមួយលោកជំទាវ ជា សីរី អគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជា និងក្រុមការងារដោយបានព្រមព្រៀងលើទំនាក់ទំនងហិរញ្ញវត្ថុមួយចំនួនក្នុងការលើកកម្ពស់ប្រាក់រៀល និងប្រាក់យ័នរួមគ្នា។
កិច្ចពិភាក្សាបានឈានដល់ការឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងហិរញ្ញវត្ថុទ្វេភាគីលើចំណុចសំខាន់ៗដូចជា៖ 1.ការប្រើប្រាស់រូបិយវត្ថុក្នុងស្រុកក្នុងការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី។ 2.ការដាក់ដំណើរការជួញដូរប្រាក់រៀល និងប្រាក់យ័នចិនក្នុងទីផ្សារអន្តរធនាគារក្នុងតំបន់ខេត្ត Guangxi។ 3.ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងក្នុងការស៊ើបអង្កេតឥណទាន និង4.ការផ្លាស់ប្តូរលទ្ធផលវិភាគ និងព័ត៌មានពាក់ព័ន្ធនឹងការលាងសម្អាតលុយឆ្លងប្រទេស។
លោកជំទាវមានប្រសាសន៍ថា នេះគឺជាកិច្ចប្រជុំលើកទី3ហើយបន្ទាប់ពីក្រុមការងារធនាគារជាតិនៃកម្ពុជា និងសាខាធនាគារកណ្តាលចិន ខេត្ត Guangxi បានសិក្សាពីកិច្ចសហប្រតិបត្តិការលើផ្នែកខាងលើជាពិសេសការជំរុញការប្រើប្រាស់ប្រាក់យ័នចិន និងប្រាក់រៀលខ្មែរក្នុងប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។
គួរបញ្ជាក់ថា ធនាគារកណ្តាលចិនខេត្ត Guangxi បានជំរុញការប្រើប្រាស់រូបិយវត្ថុក្នុងប្រតិបត្តិការទ្វេភាគីជាមួយប្រទេសកាហ្សាក់ស្ថាន និងវៀតណាម ជាដើម។ បច្ចុប្បន្នធនាគារជាតិនៃកម្ពុជាបានដាក់ផ្សាយអត្រាប្តូរប្រាក់រៀល-យ័ននៅលើគេហទំព័ររបស់ខ្លួនរួចហើយហើយនាពេលខាងមុខដ៏ខ្លី ធនាគារកណ្តាលចិន ខេត្ត Guangxi ក៏នឹងដាក់ផ្សាយអត្រាប្តូរប្រាក់យ័ន-រៀលនៅលើទីផ្សារអន្តរធនាគាររបស់ខ្លួនដែរ។ គួរបញ្ជាក់ថា ធនាគារកណ្តាលចិនគ្រោងនឹងប្រារព្ធពិធីដាក់ផ្សព្វផ្សាយអត្រាប្តូរប្រាក់យ័ន-រៀលនេះនៅខែកញ្ញាឆ្នាំ2017ខាងមុខ។ ការដាក់ផ្សាយអត្រាប្តូរប្រាក់ធ្វើឡើងក្នុងគោលបំណងផ្តល់ជម្រើសដល់គ្រឹះស្ថានធនាគារចិនវិនិយោគិន ពាណិជ្ជករឬទេសចរចិនអាចទទួលបានប្រាក់រៀលនៅក្នុងទីផ្សារអន្តរធនាគារចិនដែលនេះគឺជាការផ្តល់តម្លៃដល់ប្រាក់រៀលលើឆាកអន្តរជាតិថែមទៀត៕