អ្នកជំនាញផ្នែកសុវត្ថិភាពអ៊ីនធើណិតម្នាក់ ប្រចាំក្រុមហ៊ុន Microsoft បានលើកឡើងថា លោករកឃើញតម្រុយជាច្រើន មានទាំងការបង្កប់មេរោគ និងការត្រៀមខ្លួនវាយប្រហារដោយវិធីសាស្ត្រថ្មីៗ ទៅលើយុទ្ធនាការដំណើរការបោះឆ្នោតនៅសហរដ្ឋអាមេរិក។
មានរបាយការណ៍ ដែលទទួលបានយ៉ាងច្បាស់ការណ៍ បានឱ្យដឹងថា ត្រឹមតែ 1សប្ដាហ៍មុនប៉ុណ្ណោះ ក្រុម Hacker ធំៗអាចនឹងកំណត់ដឹង និងបានធ្វើការវាយប្រហារច្រើនជាង 200ទីតាំង ដូចជា ការវាយប្រហារពីក្រុម Zirconium ឬ APT31 របស់ប្រទេសចិន បានចូលវាយលុកច្រើនជាង 150គោលដៅ គិតទាំងមន្ត្រីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋផង។
រីឯក្រុមធំៗ មកពីប្រទេសអ៊ីរ៉ង់ ដូចជា ក្រុម Phosphorous ឬ APT35 និងក្រុមពីប្រទេសរុស្ស៊ីខ្លាំងៗ បានចូលវាយលុកទីតាំងជាច្រើន រហូតដល់ក្រុមសន្តិសុខសុវត្ថិភាពអ៊ីនធើណិតរបស់ Microsoft ប្រឹងប្រែងតាមបិទសឹងតែមិនជាប់។ ជាពិសេសនោះគឺ គណនី twitter របស់លោក ដូណាល់ ត្រាំ និងសមាជិកសភាកំពូលៗអាមេរិក ជាច្រើនរូបទៀត។
ប្រភពដដែលបានបន្ថែមថា របៀបរបបនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដែលបានធ្វើឡើងតាមរយៈអនឡាញ ដើម្បីជួយសម្រួលដល់ពលរដ្ឋអាមេរិក ឱ្យអាចចូលទៅបោះឆ្នោតបាន លើវេបសាយទាំងនោះ ក៏កំពុងតែក្លាយជាគោលដៅធំជាងគេមួយដែរ៕