ក្លិប Borussia Dortmund បានច្រានចោលសំណើបើកឆាករបស់ក្លិប Barcelona សម្រាប់តារាឆ្នើម Ousmane Dembele និងបានដាក់ពិន័យព្យួរទៅលើខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះ ក្រោយពីរូបគេបានអវត្តមានក្នុងវគ្គហ្វឹកហាត់ដោយមិនប្រាប់ឲ្យដឹងមុនកាលពីថ្ងៃព្រហស្បតិ៍។
ក្លិប Dortmund បានបញ្ជាក់ថា កីឡាករវ័យក្មេងសញ្ជាតិបារាំងរូបនេះ ប្រហែលជាមិនអាចផ្ទេរទៅកាន់អេស្ប៉ាញឡើយ ប្រសិនបើក្លិប Barcelona មិនបង្កើនតម្លៃខ្លួនទៅលើសំណើរបស់ពួកគេទេនោះ បើទោះបីជាបណ្តាញសារព័ត៌មានជាច្រើនក្នុងប្រទេសបារាំង និងអាល្លឺម៉ង់ បានចេញផ្សាយថា ខ្សែប្រយុទ្ធវ័យ20ឆ្នាំរូបនេះកំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការចុះហត្ថលេខាជាមួយនឹង Barcelona ក៏ដោយ។ សេចក្តីប្រកាសមួយពីក្លិប Dortmund របស់អាល្លឺម៉ង់បានអះអាងថា សំណើមួយដែលត្រូវបានគេយល់ឃើញថា បានផ្តល់តម្លៃខ្លួន100លានអឺរ៉ូ (ស្មើនឹង117លានដុល្លារអាមេរិក) ត្រូវបានច្រានចោល។ Dortmund បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍នោះថា៖ «មានការពិភាក្សាគ្នាជាច្រើនជាមួយនឹងក្លិប Barcelona ទាក់ទងនឹងការផ្ទេររបស់កីឡាករ Ousmane Dembele»។
ក្លិប Dortmund បានបន្ថែមទៀតថា៖ «ក្នុងការពិភាក្សាទាំងនេះ ក្លិប Barcelona បានផ្តល់នូវសំណើមួយដែលមិនស័ក្តិសមទៅនឹងកម្រិតនៃភាពអស្ចារ្យក្នុងកីឡាបាល់ទាត់ និងកម្រិតការលេងរបស់កីឡាករបាល់ទាត់រូបនេះឡើយ ហើយក៏មិនស្របនឹងកម្រិតទីផ្សារដោះដូរកីឡាករនាពេលបច្ចុប្បន្ននេះដែរ ដូច្នេះក្លិប BVB បានធ្វើការច្រានចោលសំណើមួយនេះ»។ ក្រោយមកប្រធានផ្នែកកីឡារបស់ក្លិប Dortmund បានបញ្ជាក់ថា Dembele នឹងត្រូវរងពិន័យ និងរងការព្យួរសម្រាប់ការប្រកួតបន្ទាប់ ក្រោយពីរូបគេបានអវត្តមានក្នុងវគ្គហ្វឹកហាត់ដោយមិនបានបញ្ជាក់ឲ្យដឹងមុន។
ការពិភាក្សាផ្សេងៗបានបន្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈដែល Dortmund បានបញ្ជាក់ថា ពួកគេនឹងមិនទទួលសំណើណាដែលមានតម្លៃខ្លួនតិចជាង១៥០លានអឺរ៉ូ សម្រាប់កីឡាករូបនេះឡើយ៕
ប្រភពពី៖ The Guardian