លោក Arsene Wenger បានរំពឹងទុកថា ក្របខ័ណ្ឌ Premier League នៅរដូវកាលនេះនឹងក្លាយជាយុទ្ធនាការដ៏លំបាកបំផុតដែលលោកត្រូវជួបប្រទះក្នុងអំឡុងពេលនៃការដឹកនាំរបស់លោកក្នុងក្រុម Arsenal តាមរយៈការបញ្ជាក់ថា ការចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីសំណាក់គូប្រកួតដូចជា Manchester City បានធ្វើឲ្យការប្រជែងដណ្តើមពានកាន់តែមានភាពស្វិតស្វាញ និងតឹងតែងជាងមុន។
ក្រុម Arsenal នឹងចាប់ផ្តើមយុទ្ធនាការជាលើកទី21 របស់លោក Wenger តាមរយៈការចាប់ផ្តើមការប្រកួតនៅក្នុងផ្ទះខ្លួនឯងជាមួយនឹងក្រុម Leicester City នៅរាត្រីនេះ ហើយការដណ្តើមឲ្យបានលទ្ធផលដ៏ល្អមួយ ពិតជារឿងមួយសំខាន់ណាស់ ក្រោយពីពួកគេបានខកខានក្នុងការឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន។
ក្រុម Manchester City បានឈានមុខគេចំពោះការចំណាយប្រាក់ទិញចូលកីឡាករថ្មីនៅរដូវក្តៅនេះ ក្រោយពីបានចំណាយអស់ដល់ទៅ217លានផោន (ស្មើនឹង281លានដុល្លារអាមេរិក) លើកីឡាករថ្មីៗ ហើយលោក Wenger ជឿជាក់ថា មានក្រុមរហូតដល់ទៅ7ក្រុមដែលអាចមានសមត្ថភាពក្នុងការប្រជែងដណ្តើមពាន។ ប៉ុន្តែ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានកត់សម្គាល់ថា គូប្រជែងរបស់ក្រុម Arsenal ជាពិសេស Chelsea និង Tottenham Hotspurs ក៏នឹងផ្តល់នូវបញ្ហាផងដែរ។ នៅពេលដែលត្រូវបានចោទសួរថា តើទាំងអស់នេះនឹងក្លាយជារដូវកាលដ៏លំបាកបំផុតឬយ៉ាងណា?
លោក Wenger បានឆ្លើយថា៖ «ពិតមែនហើយ! ពីព្រោះបើយើងក្រឡេកមើលពីអ្វីដែលក្រុម Man City បានធ្វើ។ ពួកគេមានសកម្មភាពយ៉ាងពិសេសនៅក្នុងទីផ្សារដោះដូរកីឡាករ ខណៈដែល Manchester United ក៏មមាញឹកផងដែរ។ វាមិនទាន់បញ្ចប់នៅឡើយទេ ខណៈដែល Chelsea បានទិញ Alvaro Morata និងមិនទាន់បាត់បង់ Diego Costa នៅឡើយនោះ ហើយពួកគេនឹងទិញចូលកីឡាករថ្មីបន្ថែមទៀត។ នៅពេលនេះ ក្រុមដែលមានភាពមមាញឹកបំផុតលើទីផ្សារដោះដូរកីឡាករគឺក្រុម Man United, Man City និង Liverpool»។ ការប្រកួតនៅរាត្រីនេះនឹងចាប់ផ្តើមនៅម៉ោង1:45ទៀបភ្លឺ៕
ប្រភពពី៖ The Guardian