ក្រសួងអប់រំ យុវជន និងកីឡា បានសហការគ្នាជាមួយនឹងមជ្ឈមណ្ឌលអន្តរជាតិUNISCO ដើម្បីភាពច្នៃប្រឌិតការអប់រំកម្រិតឧត្តមសិក្សានៅទីក្រុង Shenzhen (UNESCO-ICHEI) ធ្វើកំណែទម្រង់ការអប់រំបែបឌីជីថរលនៅកម្រិតឧត្តមសិក្សានៅកម្ពុជា។
ភាគីទាំងពីរបានរៀបព្រមព្រៀងគ្នាក្នុងការរួមគ្នា លើកកម្ពស់ការធ្វើកំណែទម្រង់ការបង្រៀន និងរៀនតាមបែបឌីជីថលក្នុងប្រទេសកម្ពុជា និង ចែករំលែកព័ត៌មាន និងបទពិសោធន៍ ដើម្បីបម្រើផលប្រយោជន៍គ្នាទៅវិញទៅមក។ បន្ថែមពីលើនេះ ស្ថាប័នទាំងពីរក៏ធ្វើសកម្មភាព ចែករំលែកធនធាន និងបណ្ដាញ ដើម្បីបម្រើដល់គោលដៅអប់រំ ដាក់ចេញកម្មវិធីពង្រឹងសមត្ថភាព និងផ្តល់អ្នកជំនាញពិគ្រោះយោបល់លើគម្រោងនានាផងដែរ។ ក្នុងនោះដែរក៏មានការអនុវត្តនូវកិច្ចការស្រាវជ្រាវដែលបានចែករំលែកគ្នា ធ្វើការគាំទ្រដល់គោលការណ៍ណែនាំ ឬគោលនយោបាយស្ដីពីការសិក្សាតាមបែបឌីជីថល រៀបចំកម្មវិធីសន្និសីទ និងសិក្ខាសាលាផ្សេងៗ និងអនុវត្តគម្រោងរួមគ្នាដែលទាក់ទងនឹងការអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា។
អ្វីដែលកាន់តែវិជ្ជមានទៅទៀតនោះ UNESCO-ICHEI គ្រោងនឹងបង្កើតវិទ្យាស្ថានអន្តរជាតិនៃការអប់រំតាមបណ្ដាញអ៊ីនធឺណិត ហៅកាត់ថា IIOE ដែលសហការភាពជាដៃគូ ជាមួយគ្រឹះស្ថានឧត្តមសិក្សាយ៉ាងហោចណាស់10 ក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកដើម្បីកសាងវេទិកា MOOC ដែលត្រូវបានប្រើប្រាស់កម្រិតថ្នាក់ជាតិ៕