ការគិតជាផ្នែកយ៉ាងសំខាន់ក្នុងការសម្រេចដល់លទ្ធផលប្រចាំថ្ងៃរបស់មនុស្ស និងសង្គម ព្រោះផ្នត់គំនិតជាចំណុចចាប់ផ្តើមយ៉ាងសំខាន់នៃគ្រប់សកម្មភាពទាំងអស់។
លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ បានលើកឡើងថា ពាក្យខ្មែរយើងថា “មានមិនដែលបីត ក្រមិនដែលបីជាតិ។ ពាក្យថាក្រមិនដែលបីជាតិ គឺជាការល្អ គឺជាការគិតបែបវិជ្ជមាន។ បើឱពុកម្តាយយើងក្រ យើងគួរខិតខំធ្វើឱ្យជីវភាពរបស់យើងមានភាពប្រសើរ។ បើជីវភាពរបស់យើងប្រសើរ យើងត្រូវតំរង់ទឹសឱ្យកូនចៅជំនាន់ក្រោយមានជីវភាពកាន់តែប្រសើរឡើងថែមទៀត។ ដោយឡែកពាក្យថាមានមិនដែលបីត គឺជាភាពអវិជ្ជមានដែលយើងរាល់គ្នាត្រូវគិតឱ្យបានជ្រៅ គិតឱ្យបានទូលំទូលាយ និងគិតឱ្យបានវែងឆ្ងាយ។ គឺធ្វើយ៉ាងណាបើមានគឺមានឱ្យលើសពីបីត។
តើត្រូវធ្វើដូចម្តេចទើបមានឱ្យលើសពីបីត ហើយបើក្រកុំឱ្យលើសបីជាតិបាន? ចំលើយគឺស្ថិតនៅត្រង់ការគិត និងការប្រតិបត្តិរបស់មនុស្សហ្នឹងឯង។ នៅសហរដ្ឋអាមេរិក ពេលជួបវិបត្តិមានក្រុមហ៊ុនជាច្រើនកាត់បន្ថយចំណាយតាមរយៈការបញ្ឈប់បុគ្គលិកដើម្បីធានាបន្តរក្សាប្រាក់ចំណេញ។ ប្រការនេះធ្វើឱ្យមានមនុស្សជាច្រើនអត់ការងារធ្វើ បាត់បង់ចំណូល និងរុញច្រានឱ្យសេដ្ឋកិច្ចអាមេរិកធ្លាក់កាន់តែជ្រៅក្នុងវិបត្តិ។ ដោយឡែកនៅពេលជួបវិបត្តិ ក្រុមហ៊ុនជាច្រើននៅប្រទេសជប៉ុនមិនបញ្ឈប់ការងារបុគ្គលិកទេព្រោះបេសកកម្មរបស់ក្រុមហ៊ុនគឺសំដៅសំរេចបានគោលដៅក្នុងផែនការរយៈពេលវែងរហូតដល់100ឆ្នាំទៅ200ឆ្នាំឯណោះ។ ពួកគេគិតជ្រៅណាស់ គេមិនគិតថាការខាតបង់រយៈពេលខ្លីគឺជាបញ្ហាធំដុំនោះទេ។ ការមិនបញ្ឈប់បុគ្គលិកក្នុងគ្រាមានវិបត្តិ គឺបន្តឱ្យបុគ្គលិកមានចំណូលធម្មតា និងចាយវាយដើម្បីជួយកាត់បន្ថយការធ្លាក់ចុះក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ង។
ដោយឡែកនៅកម្ពុជាយើងវិញ សំបូរណាស់អ្នករកស៊ីចង់មានបានក្នុងរយៈពេលខ្លី។ ចង់មានលុយហើយមិនខ្វល់ពីចំណេះ។ ចង់មានទ្រព្យច្រើនទុកចែកកូនៗដោយមិនបានបំរុងឬស បំរុងចរិត និងសមត្ថភាពរបស់ពួកគេឱ្យបានរឹងមាំ។ ការណ៍នេះហើយអាចជាបច្ច័យដែលធ្វើឱ្យមានមិនដែលបីត។ ដូច្នេះយើងគប្បីនាំគ្នាគិត និងនាំគ្នាធ្វើ សំដៅពង្រឹង និងពង្រីកការរីកចម្រើនឱ្យបានច្រើនជំនាន់។ បើនៅប្រទេសជប៉ុនគេគិតនិងធ្វើផែនការ100ឆ្នាំ ទៅ 200ឆ្នាំ យើងគប្បីនាំគ្នាគិត និងធ្វើផែនការយ៉ាងហោចណាស់ឱ្យបាន10ឆ្នាំទៅ20ឆ្នាំខាងមុខដែរ៕