ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់ប្រាក់កម្ចី127.8 លានដុល្លារដើម្បីគាំទ្រដល់ការកសាងបណ្តាញបញ្ជូន និងអនុស្ថានីយអគ្គិសនីនៅកម្ពុជា។ គម្រោងនេះនឹងជួយឱ្យរាជធានីភ្នំពេញ រួមទាំងខេត្ត3ផ្សេងទៀត ទទួលបានការផ្គត់ផ្គង់អគ្គិសនីប្រកបដោយស្ថេរភាព។
បើតាម ADB គម្រោងកម្ចីនេះ ក៏នឹងសាកល្បងប្រព័ន្ធផ្ទុកថាមពល ដើរដោយអាគុយ ខ្នាតធំដំបូងបង្អស់ នៅក្នុងប្រទេសកម្ពុជាដោយប្រើថវិកាចំនួន 6.7 លានដុល្លារ។ ក្នុងចំនួន 6.7លានដុល្លារនោះមាន 4.7 លានដុល្លារ ជាថវិកាពីមូលនិធិអាកាសធាតុជាយុទ្ធសាស្ត្រ (Strategic Climate Fund)នៃការពង្រីកការអនុវត្ត កម្មវិធីថាមពល កកើតឡើងវិញនៅក្នុងប្រទេសដែលមានចំណូលទាប និង2លានដុល្លារពីមូលនិធិថាមពលស្អាត(Clean Energy Fund) នៃគម្រោងដៃគូហិរញ្ញប្បទានសម្រាប់ថាមពលស្អាត (Clean Energy Financing Partnership Facility)។ មូលនិធិទាំងពីរត្រូវបានគ្រប់គ្រងដោយធនាគារអភិវឌ្ឍន៍អាស៊ី។
លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ជាក់ថាឡើងថា គម្រោងបង្កើនប្រព័ន្ធបញ្ជូនចរន្ត រួមជាមួយជំនួយជាបន្ត របស់ធនាគារអភិវឌ្ឍន៍ អាស៊ីដល់ប្រទេសកម្ពុជាក្នុងការរៀបចំផែនការបណ្តាញថាមពល បង្ហាញថាការផ្គត់ផ្គង់ថាមពលគ្រប់គ្រាន់អាចទុកចិត្តបាន និងមាននិរន្តរភាពបរិស្ថាន អាចត្រូវបានផ្តល់ជូន ក្នុងតម្លៃសមរម្យ ដើម្បីគាំទ្រដល់ ការអភិវឌ្ឍប្រកបដោយសមធម៌។ ប្រព័ន្ធផ្ទុកថាមពលដោយអាគុយ នឹងបង្ហាញពីរបៀប ដែលការអភិវឌ្ឍ ខ្នាតធំនៃការអនុវត្ត បច្ចេកវិទ្យាច្នៃប្រឌិតថ្មី អាចត្រូវបានប្រើ ដើម្បីដំណើរការបណ្តាញអគ្គិសនី ក្នុង ប្រទេសកម្ពុជានាពេលអនាគត និង ដើម្បីបង្កើតថាមពលកកើតឡើងវិញបន្ថែមទៀត។
គម្រោងនេះនឹងជួយដល់ អគ្គិសនីកម្ពុជា (EDC) ដែលស្ថាប័នអគ្គិសនីជាតិ របស់ប្រទេសកម្ពុជា ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនចរន្ត តាមរយៈការផ្តល់ហិរញ្ញប្បទាន ដល់ការសាងសង់បណ្តាញ បញ្ជូន 115-230 គីឡូវ៉ាត់ ចំនួន 4 និងអនុស្ថានីយអគ្គិសនីចំនួន 10 នៅរាជធានីភ្នំពេញ ខេត្តកំពង់ ឆ្នាំង កំពង់ចាម និងតាកែវ។
គម្រោងផ្ទុកថាមពលដោយអាគុយ សាកល្បង ដែលមានទីតាំងស្ថិតនៅក្បែរឧទ្យានថាមពលព្រះអាទិត្យមានកម្លាំង 100 មេហ្គាវ៉ាត់ ដែលគាំទ្រដោយ ADB នឹងរួមបញ្ចូល នូវការបណ្តុះបណ្តាល បច្ចេកទេសផងដែរ។ រាជរដ្ឋាភិបាលគ្រោង នឹងបង្កើនសមត្ថភាពផលិតចរន្តអគ្គិសនី ថាមពលព្រះអាទិត្យ ដល់ 415 មេហ្គាវ៉ាត់នៅឆ្នាំ 2022 ពោលគឺកើនឡើងពី 155 មេហ្គាវ៉ាត់ក្នុងឆ្នាំ 2019 ។ ប្រព័ន្ធផ្ទុកថាមពលដោយអាគុយ ដែលគាំទ្រដោយគម្រោងនេះ មានសមត្ថភាពសន្សំថាមពលអគ្គិសនី 16 មេហ្គាវ៉ាត់ម៉ោង និងផ្តល់លទ្ធភាពដើម្បីជួយរួមបញ្ចូល ថាមពលកកើតឡើងវិញ ការបន្ថយការកកស្ទះ ការបញ្ជូនចរន្ត និងធ្វើតុល្យាការនៃការផ្គត់ផ្គង់និងតម្រូវការផងដែរ។
លោកស្រី Daniela Schmidt អ្នកឯកទេសផ្នែកថាមពលអគ្គិសនីរបស់ ADB បានលើកឡើងថា គម្រោង តាមរយៈ ការផ្តល់ហិរញ្ញប្បទាន និង ការកសាងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនចន្តចាំបាច់ សម្រាប់ ការផ្គត់ផ្គង់អគ្គិសនី ប្រកបដោយនិរន្តរភាព នឹងជម្រុញផលិតភាពសេដ្ឋកិច្ចរបស់កម្ពុជា សមត្ថភាព ប្រកួតប្រជែង និងការធ្វើពិពិធកម្មនានា បង្កើតការងារ និងគាំទ្រដល់ការងើបឡើងវិញ របស់ប្រទេស ពីវិបត្តិនៃការរាតត្បាតនៃ COVID-19។ គម្រោងនេះនឹងបង្កើតការងារដោយផ្ទាល់ចំនួន 1300 នៅក្នុង វិស័យសំណង់ ជាមួយនឹងការផ្តល់ជាប្រយោជន៍ ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។ វាក៏នឹងគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់អគ្គិសនីកម្ពុជា(EDC) ក្នុងការលើកកម្ពស់បរិយាប័ន្ន និងសមភាពយេនឌ័រ នៅកន្លែងធ្វើការនិងលើកទឹកចិត្តឱ្យមានការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យថាមពល៕