ក្រុមហ៊ុន Apple គ្រោងនឹងផលិតម៉ាស់ 2ប្រភេទ ជាពិសេសគឺ Apple FaceMask និង Apple ClearMask ដែលរួមគ្នាឌីហ្សាញដោយក្រុម Industrial Design និងក្រុមវិស្វករប្រចាំនៅ Apple ការិយាល័យកណ្ដាលនៅអាមេរិក។
ការផលិតម៉ាស់ពិសេស សម្រាប់ចែកជូនបុគ្គលិកទូទៅ ទាំងក្នុងហាង Apple Store និងក្នុង Office ដើម្បីបង្ការការឆ្លងវីរុសកូវីដ-19។ ម៉ាស់ Apple មានការឌីហ្សាញជា 3ស្រទាប់ ដែលមានមុខងារទប់សារធាតុតូចៗមិនឱ្យចេញទៅក្រៅ និងចូលមកក្នុងបាន ដូចម៉ាស់កំណាត់ដទៃទៀតដែរ តែម៉ាស់នេះអាចបោកសម្អាតដោយទឹក និងប្រើឡើងវិញបានរហូតដល់ 5ដង។
Apple បានប្រាប់ដល់ Bloomberg ថា ខ្លួនបានធ្វើការសិក្សាស្រាវជ្រាវ និងសាកល្បងដោយប្រុងប្រយ័ត្នបំផុត ដើម្បីស្វែងរកវត្ថុធាតុដើមសមរម្យ សម្រាប់ចម្រោះខ្យល់ ដែលមិនប៉ះពាល់ដល់ចង្វាក់ផ្គត់ផ្គង់គ្រឿងបរិក្ខារពេទ្យ។
គួរជម្រាបជូនដែរថា ក្រុមហ៊ុន Apple បានងាកមកផលិតម៉ាស់នេះតាំងពីខែមេសា 2020ម្ល៉េះ។ លោក Time Cook នាយកប្រតិបត្តិ Apple ក៏ធ្លាប់បានបរិច្ចាគម៉ាស់ច្រើនជាង ២០លានម៉ាស់ដែរ អំឡុងពេលផ្ទុះមេរោគកូវីដ-19 ភ្លាមៗ ជូនដល់បុគ្គលិកសុខាភិបាលទូទាំងអាមេរិក ព្រមទាំងផលិតម៉ាស់ ជាគ្រឿងបរិក្ខារពេទ្យជូនពួកគេផងដែរ៕