រដូវកាលបុណ្យភ្ជុំបិណ្ឌនេះ ជាពេលវេលាយ៉ាងសំខាន់មួយដែលប្រជាជនខ្មែរយើងស្ទើរទូទាំងប្រទេសរួមគ្នាធ្វើបុណ្យដាក់ទានទៅតាមប្រពៃណី ទំនៀមទម្លាប់ សាសនា។ នៅក្នុងពិធីដ៏សំខាន់នេះជាពេលដ៏រីករាយសម្រាប់មនុស្សគ្រប់គ្នា តែអ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺការចែកទានរបស់យើងទាំងអស់គ្នា អាចនឹងក្លាយជាការចែកចាយផលិតផលខូចគុណភាព និងអាហាគីមីទៅវិញ។
មួយរយៈពេលចុងក្រោយនេះ មន្ត្រីជំនាញនៃសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៅគ្រប់ខេត្តទាំងអស់បានចុះឆែកឆេនៅតាមទីតាំងលក់ដូរសំខាន់ៗជាច្រើននៅទូទាំងប្រទេស។ ជាលទ្ធផលមន្ត្រីជំនាញនៅខេត្តស្វាយរៀងបានរកឃើញពពុះសណ្តែកផ្ទុកសារធាតុគីមី 5គីឡូក្រាម និងទំនិញហួសកាលបរិច្ឆេទមួយចំនួននៅថ្ងៃនេះ។ ងាកទៅខេត្តស្ទឹងត្រែងឯណោះវិញ ក៏បានរកឃើញផងដែរនូវផលិតផលមួយចំនួនដែលហួសកាលបច្ឆេទនៅក្នុងកញ្ចប់ទេយ្យវត្ថុសម្រាប់ប្រគេនព្រះសង្ឃ។ ស្របពេលជាមួយគ្នានេះដែរ មន្ត្រីជំនាញនៅខេត្តមួយចំនួនទៀតក៏បានរកឃើញដូចគ្នានូវបញ្ហានេះ ដែលវាជាបញ្ហាមួយគួរយកចិត្តទុកដាក់ទាំងអស់គ្នា។
ជាសំណាងល្អ មន្ត្រីរបស់យើងបានដកហូត អប់រំ និងកម្ទេចចោលនូវអាហារខូចគុណភាពទាំងអស់នោះនៅទីតាំងដែលគាត់ចាប់បាន។ តែទោះជាយ៉ាងនេះក្តី យើងទាំងអស់គ្នាក៏គួរប្រុងប្រយ័ត្នផងដែរចំពោះការទិញស្លាដក ឬផលិតផលមួយចំនួនសម្រាប់ប្រគេនព្រះសង្ឃ ជៀសវាងទិញចំផលិតផលខូចគុណភាពដែលអាចប៉ះពាល់ដល់ព្រះសង្ឃ និងអ្នកទទួលយកទានទាំងអស់នោះបន្ត ព្រោះក្រោយបុណ្យភ្ជុំព្រះសង្ឃភាគច្រើនបានយកសម្ភារៈទាំងអស់នោះបរិច្ចាគទៅឱ្យសហគមន៍៕