ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរនិងផលិតស្បែកជើងត្រូវបានឯកភាពរួមគ្នាកំណត់យកចំនួន 192ដុល្លារអាមេរិកសម្រាប់ឆ្នាំ2021នេះ។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានលើកឡើងថា ដំបូងឡើយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានស្នើតួលេខចំនួន 190 ដុល្លារអាម៉េរិក ដើម្បីធ្វើការពិនិត្យសម្រេចលើប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ2021។ ក្រោយមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្ថែមទឹកប្រាក់ចំនួន 2ដុល្លារអាម៉េរិក បន្ថែមដែលធ្វើឱ្យចំនួនប្រាក់ឈ្នួលអប្បបរមារបស់បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និង ផលិតស្បែកជើង ត្រូវនឹងចំនួន 192ដុល្លារអាម៉េរិកក្នុងមួយខែ។ ចំនួន192ដុល្លារនេះជាចំនួន ប្រាក់ខែអប្បបរមាសម្រាប់កម្មករនិយោជិតពេញសិទ្ធិ ចំណែកឯចំពោះកម្មករនិយោជិតសាកល្បង យើងបានកំណត់យកចំនួន 187ដុល្លារអាម៉េរិក ក្នុងមួយខែ។
ឯកឧត្តមបានបន្ថែមទៀតថា ចំណែកឯប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវបានរក្សាទុកនៅដដែល មានដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន 7ដុល្លារអាម៉េរិក ក្នុងមួយខែ, ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន 10ដុល្លារអាម៉េរិក ក្នុងមួយខែ, ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន 2,000រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ, និងប្រាក់រង្វាន់អតីតភាពការងារចំនួនពី 2ដុល្លារអាម៉េរិក ដល់ 11ដុល្លារអាម៉េរិក ក្នុងមួយខែ សម្រាប់កម្មករនិយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី2 ដល់ឆ្នាំទី11។ ដូច្នេះជាមធ្យមកម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់បៀវត្សយ៉ាងតិចចំនួនពី 209ដុល្លារអាម៉េរិក ដល់220ដុល្លារអាម៉េរិក ក្នុងមួយខែ៕