កម្ពុជាជាប្រទេសយ៉ាងសំខាន់មួយដែលតែងតែបញ្ជូនកម្មសិក្សាការី និងពលករជំនាញទៅធ្វើការដើម្បីបំពេញសេចក្តីត្រូវការផ្នែកការងារនៅប្រទេសជប៉ុន។ ដោយសារតែការរីករាលដាលនេះជំងឺ Covid-19 ថ្មីៗនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងថ្មីមួយស្តីពីការបើកវិធានការជាជំហានសម្រាប់ការស្នាក់នៅប្រទេសជប៉ុន និងនីតិវិធីចំពោះកម្មសិក្សាការី-ពលករជំនាញកម្ពុជា។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា តាមរយៈការជូនដំណឹងរបស់ស្ថានទូតនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី07 ខែកញ្ញា ឆ្នាំ2020 រដ្ឋាភិបាលជប៉ុន បានសម្រេចអនុញ្ញាតបើក វិធានការជាជំហានសម្រាប់ការស្នាក់នៅរយៈពេលយូរសម្រាប់ប្រទេសកម្ពុជា ដែលរួមបញ្ចូលទាំងកម្មសិក្សាការី និងពលករជំនាញចាប់ពីថ្ងៃទី8 ខែកញ្ញាឆ្នាំ2020 នេះតទៅ។
វិធានការទាំងអស់នោះមានដូចជា មុនពេលចេញដំណើរទៅប្រទេសជប៉ុន ចាំបាច់ត្រូវបំពេញពាក្យស្នើសុំទិដ្ឋាការថ្មី នៅស្ថានទូតនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា ដោយភ្ជាប់នូវលិខិតឆ្លងដែនរបស់កម្មសិក្សាការី ឬពលករជំនាញ ពាក្យស្នើសុំទិដ្ឋាការ និងវិញ្ញាបនបត្របញ្ជាក់សិទ្ធរស់នៅរបស់កម្មសិក្សាការី ឬពលករជំនាញ។ បន្ថែមពីលើនេះពួកគេក៏ត្រូវមានកិច្ចសន្យាវិធានចត្តាឡីស័កចំនួន 14ថ្ងៃ ដែលផ្តល់ឱ្យដោយក្រុមហ៊ុន ឬសមាគមរបស់ប្រទេសជប៉ុន ចំនួន2ច្បាប់ផងដែរ។ ឯកសារសំខាន់មួយផ្សេងទៀតគឺ កម្រងសំណួរបច្ចុប្បន្នភាពចុងក្រោយបំផុតស្តីពីប្រវត្តិ និងគម្រោងធ្វើដំណើរក្នុងអំឡុងពេល Covid-19 ដែលកម្មសិក្សាការី ឬពលករត្រូវបំពេញ។
ចំពោះពេលធ្វើដំណើរទៅប្រទេសជប៉ុនវិញ កម្មសិក្សាការី ឬពលករជំនាញ ត្រូវបំពេញចម្លើយទៅក្នុងកម្រងសំណួរស្តីពីស្ថានភាពបច្ចុប្បន្នដែលបានចែកជូននៅលើយន្តហោះ ហើយត្រូវដាក់ជូនការិយល័យទទួលបន្ទុកអនុវត្តចត្តាឡីស័កនៅព្រលានយន្តហោះវិញ។ កម្រងសំណួរនេះ ត្រូវបានរៀបចំឡើងតែពីរភាសាប៉ុណ្ណោះ គឺភាសាអង់គ្លេស និងភាសាជប៉ុន។ ពួកគេក៏ត្រូវភ្ជាប់ជាមួយនូវកិច្ចសន្យាអនុវត្តវិធានចត្តាឡីស័កចំនួន 14ថ្ងៃ ដែលផ្តល់ដោយក្រុមហ៊ុន ឬសមាគមនៅប្រទេសជប៉ុនជូនការិយាល័យទទួលបន្ទុកអនុវត្តចត្តាឡីស័កនៅព្រលានយន្តហោះផងដែរ។ បន្ថែមពីលើនេះ ប្រសិនបើអាចគួរទាញយក (download) កម្មវិធី Covid-19 Contact-Confirming Application ទៅក្នុងទូរស័ព្ទដៃ និងចុះឈ្មោះក្នុងកម្មវិធី មុនពេលចេញដំណើរទៅដល់ប្រទេសជប៉ុន៕