បណ្តាញគ្រឹះស្ថានអប់រំវេសឡាញបានប្រកាសបើកដំណើរសាលារៀនរបស់ខ្លួនឡើងវិញនៅថ្ងៃទី21 ខែកញ្ញា ឆ្នាំ2020ខាងមុខនេះ បន្ទាប់ពីទទួលការអនុញ្ញាតពីក្រសួង អប់រំ យុវជន និងកីឡា ព្រមទាំងអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តងដារសុវត្ថិភាព ក្នុងទិសដៅទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19 ។
ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា បណ្តាញ គ្រឹះស្ថានអប់រំវេសឡាញរួមមាន សាលារៀនវ៉េស្ទឡាញន៍ សាលារៀនណត្សឡាញន៍ សាលាអន្តរជាតិ អេបផលទ្រី សាលាអន្តរជាតិហ្វរ៉េសហៀល បានទទួលលិខិតអនុញាតឱ្យបើកដំណើរឡើងវិញពីក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំ គណៈប្រតិភូអញ្ជើញត្រួតពិនិត្យ រង្វាយតម្លៃ និងផ្តល់អនុសាស្ត្រមួយចំនួនបន្ថែមទៀត ចំពោះវិធាន ការបង្ការ ទប់ស្កាត់ជំងឺCovid-19 មុននឹង បើកដំណើរការបណ្តាញគ្រឹះស្ថានអប់រំវេសឡាញក្នុងដំណាក់កាលទី2 នេះ។
លោកឧកញ៉ាបានបន្តទៀតថា សិស្សកម្មវិធីមត្តេយ្យ ចំណេះទូទៅខ្មែរថ្នាក់ទី1 ដល់ទី12 និងកម្មវិធី ភាសាអង់គ្លេស នឹងចូលរៀនពេញលេញឡើងវិញ ដោយរក្សាគម្លាតសុវត្ថិភាព 1.5ម៉ែត្រ រក្សាចំនួនសិស្សចន្លោះពី15 ទៅ20នាក់ ក្នុងមួយថ្នាក់ ប៉ុន្តែបើក្នុងករណីចំនួនសិស្សលើសពី20នាក់ ត្រូវសិក្សាឆ្លាស់វេន ហើយសិស្សត្រូវរក្សាអនាម័យជាប្រចាំ ត្រូវពាក់ម៉ាស់ ឬរបាំងមុខ និងមិនមានការជួបជុំគ្នាជាក្រុមធំនោះទេ ព្រមទាំងអនុវត្តវិធានការមួយចំនួនទៀតស្របតាមការណែនាំរបស់ក្រសួង។
ម្ចាស់គ្រឹះស្ថានអប់រំខាងលើបានបន្ថែមទៀតថា បណ្តាញគ្រឹះស្ថានអប់រំរបស់យើង បានវិនិយោគបន្ថែម ដើម្បីបន្តរៀបចំ និងផលិតវីដេអូមេរៀនសម្រាប់ជាជំនួយដល់សិស្សានុសិស្ស និងអ្នកអាណាព្យាបាល ដើម្បីសិក្សាពីចម្ងាយ និងការសិក្សាបន្ថែមតាមប្រព័ន្ធអនឡាញ ក្នុងករណីចាំបាច់ ក៏ដូចជាការរៀបចំប្រព័ន្ធការពារសុវត្ថិភាពផងដែរ ។ ជាពិសេសនោះ សាលារៀនបានសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអប់រំ ដើម្បីបង្កើតវេទិកាអប់រំ (App) ផ្សេងៗ សម្រាប់ជំនួយដល់ការសិក្សា និងការបង្រៀនដល់សិស្ស ព្រមទាំងបង្កើតប្រព័ន្ធគ្រប់គ្រងសាលារៀន និងទំនាក់ទំនង ដើម្បីបង្កភាពងាយដល់អ្នកអាណាព្យាបាល តាមដានលទ្ធនៃការសិក្សា និងវត្តមានសិស្សពីចម្ងាយ ក៏ដូចជាការទូទាត់ការចំណាយផ្សេងៗតាមប្រព័ន្ធអេឡិត្រូនិចដ៏ទំនើបផងដែរ៕