ក្រុមការងារផ្នែកអភិវឌ្ឍទូរស័ព្ទឆ្លាតវៃ iPhone និង iPad របស់ Apple បានរចនាម៉ាស់ពិសេសសម្រាប់បុគ្គលិកការិយាល័យ និងអ្នកលក់រាយនៅហាង Apple Store។
Apple Face Mask គឺជាម៉ូដែលម៉ាស់ការពារឆ្លងវីរុសដំបូងដែលត្រូវក្រុមហ៊ុន Apple រចនាសម្រាប់បុគ្គលិក។ ក្រៅពីនេះ Apple ក៏បានផ្គត់ផ្គង់ម៉ូដែលម៉ាស់មួយប្រភេទទៀតដែលមានឈ្មោះថា ClearMask ប៉ុន្តែ ម៉ាស់ប្រភេទនេះគឺជាលទ្ធផលនៃកិច្ចសហការជាមួយដៃគូដទៃ។ មុននេះ Apple ក៏បានផលិតបន្ទះកញ្ចក់ការពារមុខសម្រាប់បុគ្គលិកសុខាភិបាល និងបានចែកម៉ាស់រាប់លានផ្សេងទៀតទៅឱ្យអង្គការថែទាំសុខភាពនានាផងដែរ។
ក្រុមហ៊ុន Apple បានឱ្យដឹងថា Face Mask ត្រូវបានក្រុមរចនា iPhone និង iPad ជាអ្នកធ្វើឡើង។ Face Mask មាន3ស្រទាប់ដែលអាចទប់ទល់នឹងកម្ទេចល្អិតក្នុងបរិយាកាស។ នេះគឺជាប្រភេទម៉ាស់ដែលអាចបោកគក់ និងប្រើបាន5ដង។
ដូចទៅនឹងបែបបទរបស់ Apple ម៉ាស់នេះមានរូបរាង និងទំហំប្លែកពីគេ ចំណែកខ្សែរបស់វាក៏អាចឱ្យគេលៃតម្រូវបាន។
យោងតាម Apple ក្រុមការងារបានធ្វើការសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់ក្នុងការស្វែងរកវត្ថុធាតុសមស្រាបដែលងាយស្រួលឱ្យខ្សល់ចេញចូលបានល្អ។ Apple នឹងចាប់ផ្ដើមបញ្ជូន Face Mask ទៅឱ្យបុគ្គលិកនៅ2សប្ដាហ៍ទៀត។
ចំណែក ClearMask វិញ គឺជាម៉ូដែលម៉ាស់សុខាភិបាលប្រភេទថ្លាដំបូងគេដែលមានការទទួលស្គាល់ដោយ FDA (Food and Drug Administration)។ ClearMask ជួយឱ្យអ្នកមានត្រចៀកថ្លង់ ឬខ្សោយត្រចៀក អាចយល់ច្បាស់ជាងមុនថា អ្នកនៅចំពោះមុខកំពុងនិយាយអ្វី។ ក្រុមហ៊ុន Apple បានសហការជាមួយសាកលវិទ្យាល័យ Gallaudet ដើម្បីជ្រើសរើសប្រភេទម៉ាស់ដែលគួរប្រើប្រាស់បំផុត។ Apple ក៏កំពុងសាកល្បងម៉ាស់សម្រាប់បុគ្គលិករបស់ខ្លួននៅក្នុងហាង Apple Store ចំនួន3កន្លែង។ ក្រុមហ៊ុននេះក៏កំពុងស្រាវជ្រាវ និងអភិវឌ្ឍម៉ាស់ប្រភេទថ្លាដោយឡែករបស់ខ្លួនផងដែរ។
កន្លងមក Apple ធ្លាប់បានចែកម៉ាស់ប្រភេទស្ដង់ដា ជូនបុគ្គលិក និងម៉ាស់សុខាភិបាលជូនអតិថិជនដែលបានមកកាន់ Apple Store ដើម្បីជួយកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសCOVID-19៕
ប្រភព៖ Bloomberg