មហាសេដ្ឋីពិភពលោកជាច្រើនរូបបានអះអាងថា ការប្រឈមមុខនឹងបរាជ័យនៅក្នុងការស្រមៃ អាចជួយឱ្យអ្នកកម្ចាត់ភាពភ័យខ្លាចបានមួយកម្រិតធំ។
នៅក្នុងចំណោមប្រការសំខាន់ៗជាច្រើន និងប្រការដែលត្រូវបានគេរំឭកជាញឹកញាប់បំផុតនៅក្នុងពេលបើករបររកស៊ី នោះគឺ “មិនគួរខ្លាចបរាជ័យ”។
ក្នុងរយៈនៃការបង្កើតក្រុមហ៊ុន SpaceX ដំបូង លោក Elon Musk ដែលជា CEO បាននិយាយទៅកាន់បុគ្គលិករបស់ខ្លួនថា៖ “បរាជ័យគ្រាន់តែជាជម្រើសមួយនៅទីនេះប៉ុណ្ណោះ។ បើសិនជាគ្រប់យ៉ាងមិនជួបបរាជ័យ នោះគឺមានន័យថា យើងមិនទាន់បានប្ដូរផ្លាស់ឱ្យបានគ្រប់គ្រាន់”។
យ៉ាងណាក៏ដោយ បរាជ័យគឺជាអារម្មណ៍មួយដែលពិបាកនឹងទទួលយក បើទោះជាអ្នកទទួលបរាជ័យធ្លាប់ជាអ្នកជោគជ័យ ឬជាមនុស្សធម្មតាក៏ដោយ ព្រោះថា បរាជ័យធ្វើឱ្យមនុស្សមានការព្រួយបារម្ភអំពីប្រាក់កាសដែលបាត់បង់។ ប៉ុន្តែ នេះមិនមែនមានន័យថា យើងមិនអាចឆ្លងផុតប្រការដ៏អាក្រក់នេះបាននោះទេ។
ខាងក្រោមនេះគឺជាអនុសាសន៍របស់មហាសេដ្ឋី Elon Musk ដើម្បីជួយឱ្យអ្នកឆ្លងផុតភាពភ័យខ្លាចទាក់ទងនឹងបរាជ័យ៖
ជាមួយនឹងក្រុមហ៊ុនផលិតរ៉ុកកែត និងមហិច្ឆតា “គ្រប់គ្រង” ភពព្រះអង្គារ លោក Musk ហាក់ជាមនុស្សមិនមានភាពភ័យខ្លាច។ ប៉ុន្តែ កន្លងមក មហាសេដ្ឋីរូបនេះបានទទួលស្គាល់ថា៖ “ខ្ញុំមានអារម្មណ៍ភ័យខ្លាចខ្លាំងណាស់”។ ដូច្នេះ តើលោក Musk ធ្វើយ៉ាងណាដើម្បីឆ្លងផុតការភ័យខ្លាចនេះ? ចម្លើយគឺថា មិនមែនតាមរយៈការគិតវិជ្ជមាននោះទេ តែតាមរយៈប្រការផ្ទុយពីនេះ នោះគឺ “ទ្រឹស្ដីព្រហ្មលិខិត” (ជំនឿដែលជឿថា គ្រប់យ៉ាងនឹងត្រលប់មករកភាពដើម បន្ទាប់ពីជួបបរាជ័យ ឬឧបសគ្គ)។
លោក Elon Musk ថ្លែងថា៖ “បើសិនជាអ្នកទទួលយកភាពមិនប្រាកដប្រជា (មិនដឹងប្រាកដថាបរាជ័យ ឬជោគជ័យ) នោះវានឹងជួយកាត់បន្ថយការភ័យខ្លាចបានខ្លះ។ នៅពេលបង្កើតក្រុមហ៊ុន SpaceX ខ្ញុំគិតថា អត្រានៃជោគជ័យគឺមានក្រោម10% ហើយខ្ញុំទទួលយកប្រការដែលថា ខ្ញុំនឹងអាចបាត់បង់អ្វីៗទាំងអស់។ ប៉ុន្តែ បរាជ័យគឺស្មើនឹងប្រការដែលយើងទទួលបានភាពរីកចម្រើនក្នុងដែនកំណត់ណាមួយតែប៉ុណ្ណោះ”។
ការដែលបង្ខំឱ្យខ្លួនឯងគិតគូរដល់កាលៈទេសៈអាក្រក់បំផុត មិនត្រឹមតែជាវិធីសាស្ត្រដែលបានជួយឱ្យលោក Elon Musk ឆ្លងផុតភាពភ័យខ្លាចលើបរាជ័យនោះទេ ប៉ុន្តែជាក់ស្ដែង មានអ្នកមាន និងអ្នកជោគជ័យជាច្រើនធ្លាប់បានប្រើប្រាស់វិធីសាស្ត្រនេះ និងបានអះអាងថា ការប្រឈមមុខនឹងបរាជ័យនៅក្នុងការស្រមៃ គឺពិតជាអាចជួយឱ្យពួកគេកាត់បន្ថយភាពភ័យខ្លាចបានច្រើន។
មហាសេដ្ឋី Richard Branson ដែលជាស្ថាបនិកនៃក្រុមហ៊ុន Virgin Group និងមហាសេដ្ឋិនី Sara Blakely ជាស្ថាបនិករបស់ក្រុមហ៊ុន Spanx ក៏បានអះអាងស្រដៀងនឹងមហាសេដ្ឋី Elon Musk ផងដែរ៕
ប្រភព៖ សារព័ត៌មានបរទេស