មិនខុសពីរៀងរាល់ឆ្នាំ ឱ្យតែដល់រដូវបុណ្យទានធំម្តងៗ បុគ្គលិកនៃក្រុមហ៊ុនប្រមូលសំរាមតែងតែឈប់សម្រាក ដែលបញ្ហានេះទាមទារឱ្យសមាជិកនៃក្រុមគ្រួសារនីមួយៗរៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យមានបញ្ហារលួយស្អុយ ឬយកទៅបោះចោលនៅទីសាធារណៈ។
នៅឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយស្តីពីការទុកដាក់សំរាមក្នុងឱកាសថ្ងៃឈប់សម្រាបនៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយអាជ្ញាធរបានបញ្ជាក់ថា នៅថ្ងៃឈប់សម្រាកចាប់ពីថ្ងៃទី 16 ខែកញ្ញា ឆ្នាំ2020 ដល់ថ្ងៃទី18 ខែកញ្ញា ឆ្នាំ2020 បុគ្គលិក កម្មករ របស់ក្រុមហ៊ុនស៊ីនទ្រីមួយចំនួន ត្រូវបានឈប់សម្រាកពីការងារ ធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគាត់នៅតាមបណ្តាខេត្តនានា។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យការផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ក្នុងរាជធានីភ្នំពេ មានភាពរអាក់រអួល មិនបានពេញលេញដូចថ្ងៃធម្មតានោះទេ។
ហេតុនេះដើម្បីថែរក្សាសោភ័ណភាព អនាម័យ បរិស្ថានរាជធានី រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញទាំងអស់ កុំបញ្ចេញសំរាម សំណល់រឹងមកដាក់នៅតាមដងផ្លូវសាធារណៈនៅក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនេះ ដោយសូមរក្សាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ នៅក្នុងទីតាំងរៀងៗខ្លួនជាបណ្តោះអាសន្ន៕