Jeff Bezos នៅតែនាំមុខគេនៅក្នុងបញ្ជីចំណាត់ថ្នាក់អ្នកមាន Forbes 400 សម្រាប់ឆ្នាំ2020 ខណៈដែលអតីតភរិយារបស់លោក បានក្លាយជាស្ត្រីដែលមានទ្រព្យច្រើនជាងគេលំដាប់ទី2នៅសហរដ្ឋអាមេរិក។
ទស្សនាវដ្ដី Forbes ទើបតែបានប្រកាសឱ្យដឹងអំពីបញ្ជីចំណាត់ថ្នាក់អ្នកមានជាងគេទាំង400រូបនៅសហរដ្ឋអាម៉េរិក ប្រចាំឆ្នាំ2020 ដែលមានឈ្មោះថា Forbes 400។ យោងតាមបញ្ជីចំណាត់ថ្នាក់នេះ ទ្រព្យសរុបរបស់អ្នកមានជាងគេចំនួន400នាក់នៅសហរដ្ឋអាម៉េរិកក្នុងឆ្នាំ2020 បានកើនដល់ចំណុចកំពូលបំផុត ពោលគឺ3.2លានលានដុល្លារ (3,200,000,000,000) កើន240ពាន់លានដុល្លារបើធៀបនឹងឆ្នាំ2019។ ដើម្បីមានឈ្មោះនៅក្នុងបញ្ជីចំណាត់ថ្នាក់ Forbes 400 មហាសេដ្ឋីនានានៅសហរដ្ឋអាម៉េរិក ត្រូវតែមានទ្រព្យយ៉ាងតិច2.1ពាន់លានដុល្លារ។
បើទោះជាមានការវាយប្រហារពី COVID-19 ប៉ុន្តែ លោក Jeff Bezos ដែលជាស្ថាបនិក និងជា CEO របស់ក្រុមហ៊ុន Amazon នៅតែជាអ្នកមានជាងគេបង្អស់នៅសហរដ្ឋអាម៉េរិកសម្រាប់3ឆ្នាំចុងក្រោយនេះ ដោយលោកមានទ្រព្យសរុបឡើងដល់179ពាន់លានដុល្លារ។ ចំណែកអតីតភរិយារបស់លោក គឺអ្នកស្រី MacKenzie Scott មានឈ្មោះនៅក្នុងបញ្ជី Forbes 400 នេះ បានចំនួន2លើកមកហើយ ជាមួយនឹងទ្រព្យដែលមានតម្លៃ57ពាន់លានដុល្លារ។ អ្នកស្រី MacKenzie Scott គឺជាសេដ្ឋិនីដែលមានទ្រព្យច្រើនជាងគេលំដាប់ទី2នៅសហរដ្ឋអាមេរិក បន្ទាប់ពី Alice Walton ដែលជាកូនស្រីរបស់ស្ថាបនិកនៃក្រុមហ៊ុន Walmart។
ដោយមានទ្រព្យចំនួន111ពាន់លានដុល្លារ សហស្ថាបនិករបស់ Microsoft គឺលោក Bill Gates នៅតែជាអ្នកមានជាងគេលំដាប់ទី2របស់សហរដ្ឋអាម៉េរិក ខណៈ Mark Zuckerberg ដែលជា CEO របស់ Facebook ជាអ្នកមានជាងគេលំដាប់ទី3 និង Warren Buffett ជាអ្នកមានលំដាប់ទី4។
ចំណែកឯប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donald Trump ដែលមានទ្រព្យ2.5ពាន់លានដុល្លារ ឈរលំដាប់ទី352 ថយចុះ77ថ្នាក់បើធៀបនឹងឆ្នាំ2019។ មូលហេតុដែលនាំឱ្យទ្រព្យរបស់លោក Trump ធ្លាក់ចុះ គឺមកពីតម្លៃរបស់អគារការិយាល័យ សណ្ឋាគារ និងតំបន់រីហ្សតបាននិងកំពុងតែដាំក្បាលចុះព្រោះCOVID-19។
Forbes 400 ឆ្នាំនេះ មានឈ្មោះមហាសេដ្ឋីថ្មីចំនួន18រូប រួមមានទាំង Eric Yuan ដែលជា CEO របស់ Zoom Video Communications ដោយមានទ្រព្យ11ពាន់លានដុល្លារ។ មហាសេដ្ឋី9រូបដែលធ្លាប់ត្រូវលុបឈ្មោះចេញពីតារាងចំណាត់ថ្នាក់ Forbes 400 បានវិលត្រលប់មកវិញនៅក្នុងឆ្នាំនេះ។
មហាសេដ្ឋី2រូបដែលមានឈ្មោះក្នុងបញ្ជីនេះកាលពីឆ្នាំមុន បានស្លាប់ ខណៈ25រូបផ្សេងទៀតបានធ្លាក់ចេញពីបញ្ជី Forbes 400 ក្នុងនោះមាន10រូបជួបបញ្ហាដោយសារCOVID-19៕
ប្រភព៖ Forbes