ដូចដែលយើងបានដឹងច្បាស់ទាំងអស់គ្នាហើយថា ការញ៉ាំអាហារដែលល្អ និងមានប្រយោជន៍ក្នុងខណៈពេលតាំងគភ៌ នឹងត្រូវបានបញ្ជូនបន្តទៅឱ្យកូនតូចនៅក្នុងផ្ទៃឱ្យបានទទួលសារធាតុអាហារដែលល្អ ដើម្បីនាំយកទៅអភិវឌ្ឍអវយវៈផ្សេងៗឱ្យមានល្អឥតខ្ចោះ ដើម្បីត្រៀមជាស្រេចក្នុងការប្រសូតចេញមកពេញមួយរយៈពេល 9 ខែ។
ពេញមួយរយៈពេលនៃការតាំងគភ៌ អនាគតអ្នកម្ដាយត្រូវតែរលឹកដឹងជាប់ជានិច្ចថា កូននៅក្នុងផ្ទៃ រួមទាំងខ្លួនឯងផងត្រូវការសារធាតុអាហារដែលមានគុណប្រយោជន៍ និងកម្លាំងថាមពលពីអាហាររៀងរាល់ថ្ងៃយ៉ាងជាប់លាប់។ ដើម្បីសុខភាពដែលរឹងប៉ឹងឥតខ្ចោះ ទើបការបានទទួលទានអាហារល្អៗក្នុងខណៈពេលតាំងគភ៌ក្លាយជាក្រោះការពារឱ្យទារកក្នុងផ្ទៃមានសុវត្ថិភាពពីសភាវអន្តរាយផ្សេងៗ ធ្វើឱ្យរាងកាយមានភាពល្អឥតខ្ចោះ។ ដូច្នេះ តើស្រ្តីមានគភ៌គួរទទួលទានអ្វីខ្លះក្នុងត្រីមាសនីមួយៗទាំងបីត្រីមាសនោះ ហើយខាងក្រោមនេះគឺជាគំរូអាហារដែលស្រ្តីមានគភ៌ក្នុងត្រីមាសដំបូងគួរទទួលទានក្នុងមួយថ្ងៃៗ។
# ត្រីមាសដំបូង
អំឡុងពេលនេះ រូបរាងរបស់ស្រ្តីមានគភ៌នៅមិនទាន់ប្រែប្រួលច្រើនទេ អ្នកខ្លះនៅមើលមិនទាន់ដឹងផងថា មានគភ៌។ ទម្ងន់ខ្លួនអាចនៅមិនសូវកើនឡើង ឬអ្នកខ្លះដែលមានអាការចាញ់ខ្លាំង អាចធ្វើឱ្យទម្ងន់ខ្លួនថយចុះទៅវិញក៏មាន។ 1 – 3 ខែដំបូង ស្រ្តីមានគភ៌គួរសង្កត់ធ្ងន់លើអាហារឱ្យបានសម្បូរបែបដើម្បីឱ្យទទួលបានសារធាតុអាហារ និងកម្លាំងថាមពល ដូចជា បាយ ម្សៅ ប្រូតេអ៊ីន ខ្លាញ់ និងវីតាមិន។
គំរូអាហារក្នុង 1 ថ្ងៃ
ពេលព្រឹក
. បបរសាច់ជ្រូកចិញ្រ្ចាំ 1 ចានគោម
. ទឹកដោះគោ 1 ប្រអប់ (ចំណុះ 240 c.c)
. ផ្លែប៉ោម 1 ផ្លែ
ពេលថ្ងៃត្រង់
. គុយទាវសរសៃធំឆាសាច់ជ្រូក 1 ចាន
. បង្អែមចេកខ្ទិះ 1 ចានចង្កឹះ
ពេលល្ងាច
. បាយអង្ករសម្រិត (បាយអង្ករសម្រូប) 2 វែក
. ត្រីប្លាធូចៀន 1 ក្បាល
. សម្លម្ជូរបន្លែរួម 1 ចានគោម
. ចេកណាំវ៉ា 1 ផ្លែ
មុនគេង
. ទឹកដោះគោ 1 ប្រអប់ (ចំណុះ 240 c.c)។
# ត្រីមាសទី 2
នៅពេលបានធូរស្រាលពីអាការចាញ់កូន អនាគតអ្នកម្ដាយនឹងចាប់ផ្ដើមញ៉ាំអាហារបានច្រើនឡើងហើយ ក្នុងខណៈពេលជាមួយគ្នានេះ វិវឌ្ឍនាការខាងរាងកាយរបស់កូនក្នុងផ្ទៃក៏ចាប់ផ្ដើមសាងអវយវៈផ្សេងៗឡើងដែរ។ អាហារក្នុងរយៈពេលនេះ ស្រ្តីមានគភ៌គួរសង្កត់ធ្ងន់លើការបង្កើនសារធាតុដែក កាល់ស្យូម និងវីតាមីនផ្សេងៗ ដើម្បីឱ្យសុខភាពរបស់ម្ដាយរឹងមាំ និងមានចំណែកបង្កើនវិវឌ្ឍនាការរាងកាយរបស់កូនតូចដែលកំពុងតែធំធាត់ក្នុងពេលនេះ។
គំរូអាហារក្នុង 1 ថ្ងៃ
ពេលព្រឹក
– បបរត្រី 1 ចានគោម
– ទឹកដោះគោ 1 ប្រអប់ (ចំណុះ 240 c.c)
– ផ្លែត្របែក 1/2 ផ្លែ
ពេលថ្ងៃត្រង់
– បាយសាច់ជ្រូក 1 ចាន
– ស៊ុបឆ្អឹងជ្រួក 1 ចាន
ពេលល្ងាច
– បាយស 2 វែក
– ត្រីអណ្ដែងអាំង 1 ក្បាល
– សម្លកកូរបន្លែសព្វមុខ 1 ចាន
– ក្រូចឃ្វិច 1 ផ្លែ
មុនគេង
– ទឹកដោះគោ 1 ប្រអប់ (ចំណុះ 240 c.c)
ស្រ្តីមានគភ៌អាចបន្ថែមអាហារចម្អាបក្នុងចន្លោះពេលថ្ងៃត្រង់ ឬមុនពេលល្ងាច 1 ពេលទៀតបាន ដើម្បីមិនបណ្ដោយឱ្យពោះទំនេរ ឬឃ្លានខ្លាំងពេកមុននឹងដល់ពេលបាយចម្បង។
# ត្រីមាសទី 3
អំឡុងពេលចុងក្រោយមុនប្រសូត រាងកាយរបស់អនាគតអ្នកម្ដាយត្រូវការកម្លាំងថាមពលបន្ថែមឡើង។
គំរូអាហារក្នុង 1 ថ្ងៃ
ពេលព្រឹក
– បាយស 2 វែក
– ស៊ុតស្ងោ 1 គ្រាប់
– ទឹកគ្រឿង បន្លែស្រុស
– ទឹកដោះគោ 1 ប្រអប់ (ចំណុះ 240 c.c)
អាហារចម្អាប
– ផ្លែមង្ឃុត 6 ផ្លែ
ពេលថ្ងៃត្រង់
– បាយដំណើប 1 ដុំ(មួយក្ដាប់ដៃ)
– សម្លស្ងោមាន់ 1 ចាន
– ញាំសាច់ជ្រូក 1 ចាន(បរិមាណ 6 ស្លាបព្រា) បន្លែស្រស់
អាហារបន្ថែម
– ផ្លែសាវម៉ាវ 4 ផ្លែ
ពេលល្ងាច
– បាយស 2 វែក
– ភ្លៅមាន់អាំង 1 ភ្លៅ
– ខសាច់ជ្រូក – សាច់ 2 ដុំ
– ក្រូចឃ្វិច 1 ផ្លែ
មុនគេង
– ទឹកដោះគោ 1 ប្រអប់ (ចំណុះ 240 c.c)
តាមរយៈបញ្ជីគំរូអាហារក្នុងមួយថ្ងៃៗខាងលើនេះ យើងនឹងមើលឃើញថា អាហារដែលស័ក្តិសមសម្រាប់ស្រ្តីមានគភ៌គឺ គួរញ៉ាំឱ្យបានសម្បូរបែបក្នុងមួយពេលៗ ដែលគួរតែប្រកបទៅដោយ បាយ សាច់សត្វ បន្លែផ្លែឈើ ដើម្បីឱ្យមានក្រុមអាហារដែលគ្រប់ប្រភេទ បានទទួលសារធាតុអាហារដែលមានប្រយោជន៍រៀងរាល់ពេលបាយ។ ស្រ្តីមានគភ៌អាចកែសម្រួលទៅជាមុខម្ហូបដែលស្រដៀងៗគ្នាបានក្នុងមួយថ្ងៃៗ ដើម្បីកុំឱ្យកើតមានការធុញទ្រាន់ក្នុងការញ៉ាំ និងក្រៅពីការជ្រើសរើសទទួលទានម្ហូបអាហារដែលមានប្រយោជន៍ហើយ គួរនឹកដល់បរិមាណក្នុងការញ៉ាំដែលត្រូវតែមិនធ្វើឱ្យទម្ងន់ខ្លួនកើនឡើងផង។ នៅពេលស្រ្តីមានគភ៌ញ៉ាំអាហារបានគ្រប់ប្រភេទក្រុម មានសុខភាពរឹងមាំពេញមួយរយៈពេលតាំងគភ៌ ទម្ងន់ខ្លួនក៏ស្ថិតក្នុងកម្រិតប្រក្រតីដែរនោះ កូនតូចដែលកើតមកក៏នឹងមានសុខភាពរឹងមាំល្អឥតខ្ចោះ និងមានទម្ងន់ខ្លួនស្ថិតក្នុងកម្រិតប្រក្រតីផងដែរ៕