ស្នាដៃបទចម្រៀងថ្មីមួយបទរបស់តារាចម្រៀងថ្មីសន្លាងលោក បារមី ទើបបានរំលេចខ្លួនឡើងក្រោមចំណងជើងថា ទសក័ណ្ឋ ដែលជាឈ្មោះរបស់ស្តេចយក្សក្នុងរឿងរាមកេរ្តិ៍ ជាស្នាដៃអក្សរសិល្បិ៍របស់ខ្មែរ ដែលនេះជាការលើកយកមកបង្ហាញដល់ទស្សនិកដោយប្រយោល ដើម្បីលើកស្ទូយអក្សរសិល្បិ៍ខ្មែរឱ្យកាន់តែសំបូរបែបថែមទៀត។
បទចម្រៀង«ទសក័ណ្ឋ» ជាបទចម្រៀងមួយនិយាយពីបុរសម្នាក់ចាប់ចិត្តទៅលើនារីម្នាក់ តែដោយនារីម្នាក់នោះមានសង្សារទៅខ្លួន រូបគេបានប្រៀបខ្លួនឯងទៅនឹងទសក័ណ្ឋ មានចិត្តស្រលាញ់ទៅលើសីតា និងដណ្តើមសីតាមក។ ជាមួយនឹងសម្លេងដង្ហើយហៅថា ខ្លួនជាមនុស្សឬស្សាក៏ស្នេហ៍ចរណៃដែរ។ នៅក្នុងសាច់រឿងនេះ ក៏ចង់បង្ហាញដល់ទស្សនិកជនមកដឹងពីមូលហេតុថា ហេតុអ្វីបានជាមនុស្សអាក្រក់ហ៊ានដណ្តើមមនុស្សដែលគេស្រលាញ់ពេញបេះដូងមកខ្លួន តែគេពិតជាមិនបានដឹងពីជម្រៅបេះដូងនៃមនុស្សអាក្រក់ដែលស្រលាញ់តួស្រី សុខចិត្តហ៊ានដណ្តើមយកមករក្សាដោយគ្មានរអាពីពាក្យអ្នកដទៃ ដែលនេះគឺផ្តើមចេញពីចិត្តស្រលាញ់នេះឯង។
សូមបញ្ជាក់ថា បទចម្រៀងថ្មីនេះ គឺជាទឹកដៃនិពន្ធយ៉ាងចំណាន ពីកវីនិពន្ធលោក ស៊ុំ សុរិយ ដែលលោកបានបញ្ជាក់ថា ដោយចិត្តស្រលាញ់ និងចង់លើកយកស្នាដៃអក្សរសិល្បិ៍ខ្មែរជាពិសេសល្ខោនខោល តួយ៉ាងក្នុងរឿង រាមកេរ្តិ៍នេះមកផ្សព្វផ្សាយ។
សូមបញ្ជាក់ថា នេះគឺជាបទចម្រៀងទី២ហើយរបស់ កសិណ Entertainment ដែលជាក្រុមចម្រៀងមួយផលិតឡើងក្នុងហេតុផលនៃក្តីស្រលាញ់ ក្រោមពាក្យស្លោកមួយគឺ សាក្សីនៃអារម្មណ៍របស់លោកអ្នក ដែលបទចម្រៀងទាំងអស់ ពីក្រុនេះ នឹងផ្តោតសំខាន់ទៅលើរឿងពិតដែលកើតពីអារម្មណ៍របស់ទស្សនិកជន។ នៅក្នុងនោះដែរ ទស្សនិកជនក៏អាចផ្ញើសាច់រឿងពិត ដើម្បីក្រុមផលិត នឹងផលិតបទចម្រៀងដែលត្រូវនឹងសាច់រឿងទាំងអស់នោះផងដែរ៕