ដុំសាប៊ូតូចៗដែលនៅសល់ពីការប្រើប្រាស់យូរមកហើយនោះ ច្រើនតែក្លាយជាវត្ថុមួយដែលបងៗស្រ្តីមេផ្ទះតែងយកទៅបោះចោលក្នុងធុងសំរាម ព្រោះយកទៅប្រើការអ្វីទៀតក៏លែងបាន ពិបាកចាប់កាន់ ឬមិនសូវមានពពុះ ជាដើម។ តែឈប់សិន! ថ្ងៃនេះឡារ៉ែនមានវិធីជួយបង្កើនប្រយោជន៍របស់ដុំសាប៊ូតូចៗទាំងនោះដោយវិធីដូចខាងក្រោមនេះ។
– បន្ទន់ស្បែកជើងធ្វើពីស្បែកឱ្យទន់ងាយស្រួលពាក់
អ្នកណាដែលកំពុងពិបាកចិត្តរឿងស្បែកជើងកែងចោតរឹងៗកកិតនឹងកែងជើងធ្វើឱ្យឈឺរហូតដល់លែងចង់ពាក់នោះ បញ្ហានេះមិនពិបាកកែទេ គ្រាន់តែយកដុំសាប៊ូតូចៗដែលលែងប្រើហើយនោះមកដុសនៅផ្នែកខាងក្នុងរបស់ស្បែកជើង ជាពិសេសត្រង់កន្លែងដែលកកិតនឹងកែងជើងនោះ សាប៊ូនឹងជួយសម្រួលសភាពស្បែករបស់ស្បែកជើងឱ្យទន់បាន និងលែងរឹងកកិតរហូតធ្វើឱ្យពងបែកឈឺផ្សារទៀតហើយ។
– បន្តក់ដាក់ត្រចៀកទ្វារ ជួយកាត់បន្ថយសំឡេងសង្កៀតគ្នា
ទ្វារផ្ទះ ឬទ្វារបន្ទប់របស់អ្នកណាដែលមានលាន់ឮសំឡេងង៉ឺតង៉តគួរឱ្យរំខានពេលបើក-បិទម្ដងៗនោះ ចូរយកដុំសាប៊ូតូចៗដែលលែងប្រើហើយនោះទៅត្រាំទឹក ហើយយកមកដុសនៅត្រង់ត្រចៀកទ្វារឱ្យសព្វ ឬយកកម្ទេចសាប៊ូលាយជាមួយទឹក ហើយយកមកបន្តក់លើត្រចៀកទ្វារដែលមានឮសំឡេងនោះ តែប៉ុណ្ណឹងអាសំឡេងង៉ឺតង៉តនោះក៏នឹងបាត់អស់ជាមិនខាន។
– បំបាត់ក្លិនអាប់នៅក្នុងកាបូប ឬទូសម្លៀកបំពាក់
យកដុំសាប៊ូតូចៗដែលលែងប្រើហើយខ្ចប់ដោយក្រណាត់ស្បៃដាក់ចូលទៅក្នុងកាបូបដាក់ខោអាវ ឬយកទៅដាក់នៅត្រង់ជ្រុងណាមួយក្នុងទូខោអាវ ក៏នឹងជួយកម្ចាត់បញ្ហារឿងធំក្លិនអាប់បានដែរ។
– ស្រោបដែកគោល ការពារពេលដំទៅបែកឈើ
បើចង់ឱ្យដែកគោលងាយស្រួលដំក្នុងការងារជួសជុលផ្ទះ ឬការងារធ្វើតុកៅអីផ្សេងៗនោះ ចូរសាកល្បងយកដុំសាប៊ូតូចៗទាំងនោះមកដុសលាបនៅលើចុងដែកគោលដើម្បីស្រោបឱ្យរអិលនឹងកាន់តែងាយស្រួលដំបញ្ចូល និងថែមទាំងមិនធ្វើឱ្យបែកសាច់ឈើដែលយើងប្រើការនោះទៀតផង។
– ជួយប្រមូលសម្អាតកម្ទេចកញ្ចក់ ឬកែវបែក
បើសិនមានបែកកែវ ឬកញ្ចក់ ហើយមានកម្ទេចកែវល្អិតៗដែលមិនអាចមើលឃើញដោយភ្នែកទទេបាននោះ បងៗស្រ្តីមេផ្ទះអាចប្រមូលសម្អាតឱ្យស្អាតបានដោយដុំសាប៊ូតូចៗទាំងនោះ ដោយគ្រាន់តែយកវាមកដុស និងផ្ដិតថ្នមៗនៅលើកម្រាលឥដ្ឋឱ្យសព្វកន្លែង តែប៉ុណ្ណឹងកម្ទេចកែវល្អិតៗទាំងនោះនឹងចូលមកនៅក្នុងដុំសាប៊ូអស់ មិនមាននៅសល់នាំឱ្យមុតដៃ មុតជើងឡើយ។
– កែបញ្ហាខ្សែរូតពិបាករូត
មនុស្សជាច្រើនតែងជួបបញ្ហារឿងខ្សែរូតតឹង ពិបាករូត និងជាប់គាំងរហូតដល់ចង់តែបោះខោ-អាវ ឬកាបូបដែលប្រើខ្សែរូតនោះចោលតែម្ដង តែបញ្ហានេះនឹងបាត់អស់មិនខាន បើសិនជាបងៗស្រ្តីមេផ្ទះយកដុំសាប៊ូដែលលែងប្រើហើយនោះមកដុសលើខ្សែរូតសំពត់-ខោ-អាវ ឬកាបូបនោះឱ្យសព្វ បន្ទាប់មករូតថ្នមៗម្ដងបន្តិចៗ មួយស្របក់ក្រោយមក ខ្សែរូតដែលធ្លាប់តែតឹង ពិបាករូត និងគាំងៗនោះ នឹងរូតឡើងចុះបានយ៉ាងងាយស្រួលមិនខាន និងបន្ទាប់ពីនោះ កុំភ្លេចលាងសម្អាតកំណកសាប៊ូចេញផង។
ពេលអានចប់ហើយ បងៗស្រ្តីមេផ្ទះជាច្រើននាក់អាចនឹងមិនធ្លាប់នឹកគិតឡើយថា ដុំសាប៊ូតូចៗដែលយើងប្រុងបោះចោលនោះនៅមានប្រយោជន៍ច្រើនបែបនេះសោះ ដូច្នេះបើអ្នកណាប្រើសាប៊ូដុំហើយនៅសល់តូចៗនោះ ចូរប្រមូលទុកក្នុងកំប៉ុង ឬដាក់ក្នុងដបមាត់ធំដែលមានគម្របបិទជិត ហើយទុកដាក់មួយកន្លែង ពេលជួបនឹងបញ្ហាដូចខាងលើ ចូរសាកល្បងយកវាមកប្រើសាកមើល ធានាថា មិនខុសបំណងឡើយ ចា៎ស៕