បច្ចុប្បន្ននេះ បច្ចេកវិទ្យាព័ត៌មានកាន់តែជឿនលឿន ធ្វើឱ្យមនុស្សលើពិភពលោកជាច្រើនពាន់លាននាក់មានប្រើប្រាស់បណ្តាញសង្គម ដែលបណ្តាញទាំងអស់នេះអាចផ្តល់សិទ្ធសម្រាប់មនុស្សគ្រប់គ្នាចែកចាយព័ត៌មានបាន។
ក្នុងស្ថានភាពបែបនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា នៅពេលកើតជំងឺ Covid-19 កើតឡើង ប្រព័ន្ធផ្សព្វផ្សាយសង្គមបានរីកទូលំទូលាយ ដែលធ្វើឱ្យដំណឹងពិត និងមិនពិតច្របូកច្របល់គ្នា។ ស្ថានភាពនេះ ខុសពីស្ថានភាពនៃការរីករាលដាលជំងឺកាចសាហាវពីមុនៗដូចជាជំងឺ អេដស៍ និងជំងឺសារជាដើម ដែលកាលនោះមិនទាន់មានបណ្តាញសង្គម និងការផ្សព្វផ្សាយព័ត៌មានមិនសូវបានទូលំទូលាយ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ៖ «បច្ចុប្បន្ននេះយើងដឹងហើយថា តម្លៃអ្នកសារព័ត៌មានយើងមួយចំនួនធ្លាក់ចុះ ដោយសារតែអ្នកព័ត៌មានឥតវិជ្ជាជីវៈ។ គាត់រញ៉ែរញ៉ៃច្រើន ធ្វើឱ្យយើងជាអ្នកមានវិជ្ជាជីវៈធ្លាក់ចុះ»។
ការដែលមានប្រភពព័ត៌មានច្រើនទាំងវិជ្ជាជីវៈ និងមិនវិជ្ជាជីវៈច្របូកច្របល់បែបនេះ ទាមទារឱ្យមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នពីសំណាក់អ្នកអានដើម្បីពិនិត្យថាតើព័ត៌មានណាមានប្រយោជន៍ ហើយព័ត៌មានណាគ្មានប្រយោជន៍។ ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យក្លិបអ្នកកាសែតកម្ពុជា បន្តបណ្តុះបណ្តាល និងផ្សព្វផ្សាយពីវិជ្ជាជីវៈសារព័ត៌មានឱ្យបានកាន់តែខ្លាំង៕