ម្សិលម៉ិញនេះ ជាពេលវេលាដែលក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យគ្រឹះស្ថានសាធារណៈ និងឯកជនបើកដំណើរការសកម្មភាពរបស់ខ្លួនដំណាក់កាលទី2 ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។
នៅក្នុងដំណើរការនៃការបើកនៃ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការបើកដំណើរការសាលារៀនក្នុងដំណាក់កាលទី2នេះ សាលានីមួយបានរៀបចំប្រកបដោយភាពរលូនល្អ ដោយសារតែគ្រប់តំបន់ទាំងអស់បានអនុវត្តតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ឯកឧត្តម រស់ សុវាចា បាននិយាយថា៖ «ទន្ទឹមនឹងការអនុញ្ញាតឱ្យបើកដំណើរការនូវគ្រឹះស្ថានអប់រំសាធារណៈនៅដំណាក់កាលទី2នេះ ក្រសួងក៏បានអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជនចំនួន 300កន្លែងចាប់ពីកម្រិតមត្តេយ្យ ដល់ឧត្តមសិក្សា។ សាលាដែលត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញទាំងអស់នោះ ត្រូវបានពិនិត្យ និងវាយតម្លៃផ្ទាល់ដល់ទីតាំងសាលាលើការអនុវត្តវិធានការសុវត្ថិភាព។
ប្រសិនបើការបើកដំណើរការនៅដំណាក់កាលនេះ អាចបន្តនៅតែមានភាពរលូន ហើយគ្រប់សាលាទាំងអស់អនុវត្តបានល្អនូវគោលការប្រតិបត្តិស្តង់ដា (SOP) សម្រាប់បើកដំណើរការសាលារៀនឡើងវិញ ក្រសួងអាចនឹងពិចារណាបន្ថែមសម្រាប់បើកឱ្យដំណើរការសាលារៀននៅដំណាក់កាលទី3 បន្ថែមទៀត៕