បច្ចុប្បន្ននេះ មនុស្សជាច្រើនបានយកចិត្តទុកដាក់ និងលើកឡើងពីភាពខុសគ្នារវាងអ្នកធ្វើការ និងអ្នករកស៊ី។ មានមនុស្សខ្លះចូលចិត្តការរកស៊ី តែផ្តល់តម្លៃថាភាពជោគជ័យរបស់មនុស្សអាស្រ័យលើការរកស៊ី ខណៈមនុស្សខ្លះទៀតមើលឃើញតម្លៃនៃការធ្វើការ យល់ឃើញថាទោះធ្វើការងារក៏អាចជោគជ័យក្នុងជីវិតបានដែរ។
លោក គីម ដារ៉ា ស្ថាបនិកស្ថាប័នអប់រំ Start Up Cambodia បានលើកឡើងថា លោកធ្លាប់ធ្វើជាអ្នកលក់ គ្រូជំរុញភាពក្លាហានតាមរយៈការលក់ផ្ទាល់ទៅមនុស្សដែលមិនស្គាល់គ្នា គ្រូបង្វឹកមុខវិជ្ជាវិទ្យាសាស្ត្រពិតកំរិតវិទ្យាល័យ ប្រឹក្សាបញ្ហាបាក់ទឹកចិត្ត ប្រឹក្សាអំពីអាជីវកម្មនិងការចាប់ផ្ដើម។ ហើយបទពិសោធន៍ទាំងនេះបង្រៀនលោកថា បើចង់ចេះចង់យល់ច្បាស់ លុះត្រាតែតែចុះធ្វើដោយខ្លួនឯង ស្តាប់តែគេនិយាយ មិនអាចយល់ពីអារម្មណ៍ពិតឡើយ។
លោកថា យើងស្តាប់គ្រូជោគជ័យបង្រៀនពីអាជីវកម្មហាក់ដូចជាងាយណាស់ តែពេលយើងធ្វើខ្លួនឯងបានដឹងថាមិនងាយទេ យើងស្តាប់គ្រូជោគជ័យយើងយល់ថាធ្វើអាជីវកម្មធ្វើឲ្យយើងមានពេលទំនេរច្រើន តែតាមបទពិសោធន៍លោក រវល់រហូតដល់ពេលដេកក៏គិតដែរ ហើយលោកធ្លាប់ដេកមិនលក់ពេលគិតច្រើនពេក ហើយពេលខ្លះភ្លេចមិនដឹងថ្ងៃសៅរ៍អាទិត្យឬបុណ្យទានឡើយ។ គេថាធ្វើជំនួញដើម្បីមានលុយសំបូរចាយ តែជាក់ស្ដែងចាយលុយប្រយ័ត្នណាស់ ព្រោះមិនមែនទំនួលខុសត្រូវម្នាក់ឯងទេ នៅមានមនុស្សជាច្រើនទៀតដែលត្រូវផ្ញើវាសនានឹងយើង។ ពិសេសគឺត្រូវរៀនរហូត បើមិនខំរៀនទេ ធ្វើបច្ចុប្បន្នភាពមិនទាន់ការផ្លាស់ប្ដូររបស់ពិភពលោកឡើយ។
លោក គីម ដារ៉ា បាននិយាយថា៖ «ខ្ញុំមិនយល់ថាហេតុអ្វីបានជាយុវជនបច្ចុប្បន្នឲ្យតម្លៃម្ចាស់អាជីវកម្មម្លេះ តែតាមពិតទៅ អ្នកខ្លះដូចជាខ្ញុំជាដើមមើលទៅឡូយព្រោះមុខដំណែង តែតាមពិតខួរក្បាលគិតរហូត ដូចជាមិនសប្បាយទេ បើសប្បាយគឺសប្បាយនឹងភាពជោគជ័យដែលកើតចេញពីការងារជាក្រុមទេមិនមែនសប្បាយនឹងមុខតំណែងទេ»។
លោកបានបន្ថែមទៀតថា ធ្វើអាជីវកម្មក៏ដោយ ធ្វើការក៏ដោយ ភាពជោគជ័យអាស្រ័យលើយើងខ្លួនឯង បើយើងគិតត្រូវ ហើយខិតខំ នោះយើងនឹងជោគជ័យ។ ពេលរៀន ត្រូវរៀនឲ្យខ្លាំង ហើយឈប់យកលេសថាខ្ញុំនឹងធ្វើអាជីវកម្មហើយខ្ជិលរៀន។ និយាយទៅ ភាគច្រើនមិនទាំងអស់ទេដែលសិស្សពូកែ ធ្វើការក៏ខ្លាំង ធ្វើអាជីវកម្មក៏ខ្លាំង។ លោកបានផ្តល់សារថា ប៊ីលហ្គេតជាសិស្សពូកែ ហើយម៉ាគហ្សាក់ឃឺប៊ើគក៏ជាសិស្សពូកែដែរ អេលុនមុសក៏ជាសិស្សពូកែដែរ មិនមែនឈប់រៀនដោយសាររៀនមិនចេះឬខ្ជិលរៀនឡើយ៕