អាជ្ញាធរឃ្លាំមើលតម្លាភាពក្នុងការប្រកួតប្រជែងរបស់ប្រទេសអ៊ីតាលី (AGCM) បានបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុនធំៗចំនួនបីទាក់ទងទៅនឹងការប្រើទិន្នន័យរបស់អ្នកប្រើប្រាស់នៅក្នុងសេវាកម្ម Cloud ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម។ បន្ថែមទៅលើការស៊ើបអង្កេតនេះ ពួកគេក៏បានបើកការស៊ើបអង្កេតទៅលើករណីរំលោភបំពានចំនួន ៦ ថែមទៀត បន្ទាប់ពីទទួលបានការរាយការណ៍ជាច្រើនពីអ្នកប្រើប្រាស់ទាក់ទងនឹងការចោទប្រកាន់ទាំងនេះផងដែរ។
មូលហេតុដែលនាំឱ្យមានការចោទប្រកាន់ទៅលើក្រុមហ៊ុនទាំងបីនោះគឺ ទាក់ទងទៅនឹងការប្រមូលនិងប្រើប្រាស់ទិន្នន័យដោយមិនមានការជូនដំណឹងទៅដល់អ្នកប្រើប្រាស់ ឬដោយគ្មានការអនុញ្ញាតឱ្យប្រមូលទិន្នន័យទាំងនោះដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន។ ជាងនេះទៅទៀតក្រុមហ៊ុន Dropbox ក៏រងការចោទប្រកាន់ថា មិនបានផ្ដល់ព័ត៌មានឱ្យបានច្បាស់លាស់ទៅឱ្យអ្នកប្រើប្រាស់ទាក់ទងទៅនឹងនីតិវិធីដើម្បីធ្វើការពិចារណាឡើងវិញក្នុងការបញ្ចប់ការប្រើប្រាស់សេវាកម្មរបស់ពួកគេនោះទេ។
សូមបញ្ជាក់ផងដែរថាកាលពីឆ្នាំកន្លងទៅ សហព័ន្ធអឺរ៉ុបក៏បានជំរុញឱ្យ ប្រព័ន្ធបណ្ដាញសង្គមទាំងអស់ ធ្វើការកែសម្រួលខនិងលក្ខខណ្ឌ (T&C) របស់ពួកគេដើម្បីឱ្យងាយស្រួលយល់ ហើយជាលទ្ធផលក្រុមហ៊ុនហ្វេសប៊ុកក៏បានកែសម្រួលខនិងលក្ខខណ្ឌរបស់គេដោយប្រើភាសាសាមញ្ញដែលងាយនឹងយល់រួចហើយផងដែរ៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា