បទថ្មីដំបូងរបស់លោកព្រាប សុវត្ថិ ក្នុងផលិតកម្ម Galaxy Navatra ដែលបងប្អូនមានការទន្ទឹងរង់ចាំយូរនោះត្រូវបានបញ្ចេញកាលពីថ្ងៃទី6 ខែកញ្ញា ឆ្នាំ2020 ដែលមានចំណងជើងថា” ខែភ្ជុំជ្រូកយំពេញទ្រុង ” ។ បទចម្រៀងរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ មួយបទនេះ បើគិតមកទល់ពេលនេះគឺមានរយៈពេលជិត3ថ្ងៃទៅហើយ។ គេមើលឃើញថា ចំនួនអ្នកចូលទស្សនានៅក្នុងហ្វេសបុក និង Youtube មាន អ្នក Like និង Share យ៉ាងច្រើនហួសការស្មាន។
សូមជម្រាបថា ” ខែភ្ជុំជ្រូកយំពេញទ្រុង ” ជាការនិពន្ធ Melody និងទំនុកច្រៀងដោយលោក យឹម តាស្រង់ និពន្ធបទភ្លេងដោយ Grimes ដឹកនាំសម្តែងដោយ Jonathan ថតដោយ ភួង សុភារិន និងបច្ចេកទេសកែពណ៍ដោយ Tim Pek។ យ៉ាងណាមិញ កំពូលតារាចម្រៀងប្រុសរូបនេះធ្លាប់បានបញ្ជាក់ថា “មកដល់ពេលនេះ ការចាកចេញ របស់ខ្ញុំ គឺខ្ញុំមានតែស្មាមញញឹម មានតែក្ដីរំភើប មានតែក្ដីសប្បាយ និងការងាររបស់ខ្ញុំ ដែលខ្ញុំទទួលបានជោគជ័យ ជាមួយនឹងក្រុមហ៊ុន ដែលទទួលបានជោគជ័យ មកដល់ថ្ងៃនេះ ។ ចឹងការជោគជ័យនេះ គឺជារឿងមួយដែលល្អរវាងគ្នានឹងគ្នា ដែលពួកយើងទទួលបានជោគជ័យ “។
លោក ព្រាប សុវត្ថិ ក៏បានថ្លែងអំណគុណក្រុមហ៊ុន ហង្សមាស ក៏ដូចជារស្មីហង្សមាស និងក្រុមគ្រួសារ ហង្សមាសទាំងអស់ ដែលធ្លាប់ធ្វើការជាមួយគ្នា។ ជាមួយគ្នានោះដែរ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ថា មិនមានការចំណាយណាមួយសម្រាប់ឲ្យលោក ព្រាប សុវត្ថិ មកGalaxy Navatra ទេ។ លោកថា គាត់មកនេះដោយសារ ការស្រឡាញ់ពិតប្រាកដ និងចង់ផ្លាស់ប្ដូរបទពិសោធន៍ ។