ពិតជាមិនធម្មតាមែន! រថយន្ត McLaren 720S ដែលជាជំនាន់ទី 2 នៃប្រភេទរបស់រថយន្ដ Super Series មកពីក្រុមហ៊ុននៅចក្រភពអង់គ្លេស ដែលមានតែមួយគ្រឿងគត់ក្នុងតំបន់អាស៊ាន បានបង្ហាញវត្តមានក្នុងទីផ្សារកម្ពុជាយើងហើយកាលពីព្រឹកថ្ងៃទី10 ខែសីហា ឆ្នាំ2017 នេះ ជាមួយនឹងតម្លៃថ្លៃកប់ពពក។
តាមការឱ្យដឹងពីអ្នកតំណាងឃ្លាំងនាំចូលរថយន្តមួយក្នុងរាជធានីភ្នំពេញបានឱ្យដឹងថា កម្ពុជាជាប្រទេសតែមួយគត់ក្នុងទីផ្សារអាស៊ីដែលមានលក់រថយន្ត McLaren 720Sឆ្នាំ 2017 នេះ ក្រោយពីក្រុមហ៊ុនផលិតរថយន្តនេះបានបើកសម្ពោធកាលពីប៉ុន្មានខែមុននៅក្នុងប្រទេសអង់គ្លេស។ អ្នកតំណាងដែលសូមមិនបញ្ចេញឈ្មោះរូបនេះបានឱ្យដឹងថា រថយន្តនេះមានតម្លៃប្រមាណ 30 ម៉ឺនដុល្លារ ដោយមិនទាន់គិតពន្ធនាំចូល។ រថយន្ត McLaren 720S ដែលមកដល់កម្ពុជានេះគឺមានតែពណ៌ក្រហមមួយគ្រឿងគត់។
រថយន្តនេះមានម៉ាស៊ីន Turbo ភ្លោះ V-8 M840T ចំណុះ 4,០ លីត្រ បំពាក់នៅពីក្រោយអ្នកបើកបរ មានកម្លាំង 710 សេះ ដែលមានសម្ទុះល្បឿនពី 0 ទៅ 100គីឡូម៉ែត្រប្រើពេលត្រឹមតែ 2,8 វិនាទី (ល្បឿនដំបូង)។ 720S មានទ្វារបើកជាស្លាបសត្វកំភេម និងមានដំបូលកញ្ចក់ហ៊ុមព័ទ្ធពីលើ អាចឱ្យអ្នកខាងក្នុងមើលឃើញទិដ្ឋភាពបាន360 ដឺក្រេ ហើយត្រូវបានក្រុមហ៊ុនផលិតឡើងមានតែចំនូន 1,400 គ្រឿងប៉ុណ្ណោះសម្រាប់ទីផ្សារពិភពលោក៕